ខេត្តព្រះវិហារ៖ ក្មេងស្ទាវ២នាក់ត្រូវនគរបាលឃាត់ខ្លួន បន្ទាប់ពីបង្ហោះរូបភាពតាមហ្វេសប៊ុកកាន់ដាវកាប់ចាក់គ្នាដូចខ្សែភាពយន្ត។
ការឃាត់ខ្លួន ក្មេងទំនើង២នាក់ ដែលកាន់ដាវថតបង្ហោះតាមបណ្តាញ សង្គមហ្វេកប៊ុក ត្រូវបានកម្លាំងនគរបាលខេត្តព្រះវិហារ ស្រាវជ្រាវឃាត់ខ្លួនបានកាលពីរសៀលនៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត យកទៅអប់រំនិងកោរត្រងោលជាការព្រមានផង។
សមត្ថកិច្ចបានឲ្យដឹងថា ក្រោយក្មេងស្ទាវ២នាក់នេះបង្ហោះរូបភាពកាន់ដាវកាប់ចាក់គ្នាតាមបណ្តាញទំនាក់ទំនងសង្គមហ្វេកប៊ុកលើអាក់ខោនឈ្មោះ «ក្មេងព្រះវិហារ ញៀនម៉ាត» កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ហើយមានការស៊ែចែករំលែកតៗគ្នានោះ លោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ បានណែនាំឲ្យកម្លាំងនគរបាលជំនាញស្រាវជ្រាវចាប់ខ្លួនក្មេងទាំង២នេះឲ្យបាន។
ដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោស្នងការនគរបាលខេត្តព្រះវិហារ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២១នេះ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការការដ្ឋាននគរបាលខេត្ត បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត និងប៉ុស្តិ៍នគរបាលរដ្ឋបាលយាង បានចុះធ្វើការឃាត់ខ្លួនក្មេងទំនើងទាំង២នាក់នេះ និងដកហូតដាវចំនួន២ដើមនិងនាំមកកាន់អធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត។
ក្មេងទំនើងទាំង២នាក់ ដែលសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
ឈ្មោះ ឡន ឡោ ភេទប្រុស អាយុ១៧ឆ្នាំ មុខរបរកសិករ
និង ឈ្មោះ.រ៉ន រដ្ឋា ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកសិករ រស់នៅភូមិអន្ទិល ឃុំយាង ស្រុកជាំក្សាន្ត។
បន្ទាប់មកសមត្ថកិច្ចបានហៅអាណាព្យាបាលមកធានាត្រឹមត្រូវ និងធ្វើកិច្ចសន្យាច្បាស់លាស់និងបានអប់រំណែនាំ ទើបអនុញ្ញាតឲ្យពួកគេ វិលត្រឡប់ទៅផ្ទះវិញជាមួយការកោរសក់ក្បាលជាការព្រមានផងដែរ៕