ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានណែនាំដល់ម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេ និងផលិតផលផ្ទះបាយ អាចទៅចូលរួមពិព័រណ៍ ទំនិញ នៅប្រទេសសិង្ហបុរី ដើម្បីជំរុញការនាំចេញ ក៏ដូចជាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ រវាង ប្រទេសកម្ពុជា សិង្ហបុរី និងបណ្តាប្រទេសដទៃទៀតក្នុងតំបន់ និងលើពិភពលោក។ នេះបេីយោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១កន្លងទៅនេះ។
ជាក់ស្ដែងនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មខាងលេីនេះ បានបញ្ជាក់ថា ក្រុមហ៊ុនរៀបចំសេវាសន្និសីទ និងពិព័រណ៍ពាណិជ្ជកម្មរបស់សិង្ហបុរី (Conference & Exhibition Management Services Pte Ltd-CEMS) នឹងរៀបចំពិព័រណ៍ ផលិតផលកាហ្វេ និងភោជនីយដ្ឋានអាស៊ី ឆ្នាំ២០២១ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ដល់ទី២០ ខែវិច្ឆិកាឆ្នាំ២០២១ នៅមជ្ឈមណ្ឌល តាំងពិព័រណ៍ Marina Bay Sands Singapore, Hall-B & C សិង្ហបុរី។
ប្រភពដដែល បានបន្ថែមទៀតថា ជុំវិញការរៀបចំព្រឹត្តិការណ៍ពិព័រណ៍ពាណិជ្ជកម្មនេះ ក្រុមហ៊ុន CEMS របស់ប្រទេស សិង្ហបុរី នឹងរៀបចំជា ២ទម្រង់ ដើម្បីផ្តល់ជម្រើសដល់អ្នកចូលរួមគឺ ទី១, ការចូលរួមដោយផ្ទាល់នៅសិង្ហបុរី ដោយអ្នករៀបចំកម្មវិធី បានផ្តល់ទីតាំងដល់ប្រទេសកម្ពុជាចំនួន៣៦ ម៉ែត្រការ៉េ ក្នុងនោះ ៩ ម៉ែត្រការ៉េ ផ្តល់ជូនស្ថានទូតកម្ពុជាប្រចាំនៅសិង្ហបុរី ដោយឥតគិតថ្លៃ សម្រាប់ផ្សព្វផ្សាយផលិតផលវប្បធម៌ និងទេសចរណ៍ និង ២៧ ម៉ែត្រការ៉េ ស្មើនឹង ៣ស្តង់ ជូនក្រុមហ៊ុនមកពីកម្ពុជា សម្រាប់ផ្សព្វផ្សាយ ផលិតផលកាហ្វេ និងផលិតផលផ្ទះបាយ ដើម្បីស្វែងរកដៃគូពាណិជ្ជកម្ម ដោយត្រូវបង់កម្រៃស្តង់ចំនួន ១៥,៦៦០ដុល្លារសិង្ហបុរី ស្មើនឹង ១១,៦០០ ដុល្លារអាមេរិក ដោយស្តង់មួយមានតម្លៃ ៣,៨៦៦ ដុល្លារអាមេរិក។ ទី២, ចូលរួមតាមប្រព័ន្ធអនឡាញ (Virtual Platform) អ្នកចូលរួមត្រូវបង់កម្រៃជាកញ្ចប់ចំនួន ១,៥០០ដុល្លារសិង្ហបុរី ស្មើនឹង១,១១០ ដុល្លារអាមេរិក ក្នុងមួយក្រុមហ៊ុន។
បន្ថែមពីនេះ ក្រសួងពាណិជ្ជកម្ម បានគូសបញ្ជាក់ទៀតថា ម្ចាស់សហគ្រាសផលិត និងកែច្នៃគ្រាប់កាហ្វេនិងផលិតផលផ្ទះបាយ ដែលមានចំណាប់អារម្មណ៍ និងមាន បំណងស្វែងរកដៃគូផ្គត់ផ្គង់នៅទីផ្សារសិង្ហបុរី ឬទីផ្សារក្នុងតំបន់ សូមទំនាក់ទំនងដោយផ្ទាល់ទៅការិយាល័យនាយកដ្ឋានកិច្ចការពិព័រណ៍ អគ្គនាយកដ្ឋានជំរុញពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូត ដល់ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២១ ជាកំណត់៕ដោយ៖សហការី