ភ្នំពេញ៖ នៅវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ កម្លាំងនគរបាលខណ្ឌ៧មករា កំពុងល្បាតក្នុងមូលដ្ឋាន បានឃាត់ខ្លួនជនសង្ស័យ២នាក់ក្នុងចំណោមបក្ខពួក៣នាក់ បន្ទាប់ពីធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីបុរសម្នាក់ដែលកំពុងឈរក្បែររថយន្ត ចំណុចសណ្ឋាគាអេសាភេលេស តាមបណ្ដោយផ្លូវ៩៣ ក្នុងសង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ជនសង្ស័យទី១-ឈ្មោះ គឹម ឆាយហួត ភេទប្រុស អាយុ១៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២០ ផ្លូវD៧២ សង្កាត់ស្រះចក់ ខណ្ឌដូនពេញ និងមុខរបរមិនពិតប្រាកដ។ ជនសង្ស័យទី២-ឈ្មោះ ប៉ុល ផាណារ័ត្ន ភេទប្រុស អាយុ១៦ឆ្នាំ ស្នាក់នៅផ្ទះលេខគ្មានលេខ ម្ដុំសង្កាត់បឹងកេងកង៣ ខណ្ឌចំកាមន និងមុខរបរសាលាវត្តកោះ។ ចំណែកជនរងគ្រោះមានឈ្មោះ នាប វណ្ណៈ ភេទប្រុស អាយុ៣៥ឆ្នាំ ស្នាក់នៅផ្ទះលេខ២២៥E2 ផ្លូវលេខ៩៣ ភូមិ៥ សង្កាត់អូរឬស្សី៤ ខណ្ឌ៧មករា។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះកំពុងឈរក្បែររថយន្ត ចំណុចសណ្ឋាគាអេសាភេលេស ស្រាប់តែមានជនសង្ស័យ៣នាក់ជិះម៉ូតូ១គ្រឿងម៉ាក Filano ពណ៍ស ពាក់ស្លាក់លេខភ្នំពេញ១CY-៦១២៤ ស្រាប់តែមកធ្វើសកម្មភាពឆក់ទូរស័ព្ទដៃម៉ាក iPhone5 ពីជនរងគ្រោះ រួចបានព្យាយាមគេចខ្លួនតែមិនបានសម្រេចត្រូវនគរបាលខណ្ឌ៧មករា ឃាត់ខ្លួនបាន២នាក់ចំណែកម្នាក់រត់គេចខ្លួនបាត់សម្រោល។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួចនឹងម៉ូតូត្រូវបាននគរបាលឃុំខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីសួរនាំនិងចាត់ការតាមនីតិវិធី៕ ស រស្មី