​លោក វេ​ង សាខុន៖ បង្ហាញ​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​កម្មវិធី​ទី​១០

ចែករំលែក៖

ភ្នំពេញ៖​ គម្រោងការកសាង​សមត្ថភាព​បន្ស៊ាំ តាមរយៈ​ការពង្រីក បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ នៅ​តំបន់​ជនបទ​នៃ​ប្រទេស​កម្ពុជា (Building Adaptive Capacity through the Scaling-up of Renewable Energy Technologies in Rural Cambodia Project ហៅថា ថា S-RET គឺជា​គម្រោង​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា ដែល​អនុវត្ត​ដោយ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្រោម​ក្របខណ្ឌហិរញ្ញប្បទាន​ឥត​សំណង​របស់​មូលនិធិ​បរិស្ថាន​ពិភពលោក (GEF) តាមរយៈ​មូល និ​ធិ​អន្តរជាតិ សម្រាប់​អភិវឌ្ឍន៍​កសិកម្ម (IFAD) ។

បើតាមការលើកឡើងរបស់រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ លោក វេ​ង សាខុន បានបញ្ជាក់ថា គោលដៅ​របស់​គម្រោង គឺ​ធ្វើឱ្យ​កាន់តែ​ប្រសើរ​នូវ​ជីវភាព​រស់នៅ​រប​ស់​កសិករ ក្រីក្រ​តាម​ជនបទ​នៃ​ខេត្ត​គោលដៅ​ចំនួន ៥ គឺ​ខេត្តកំពត កណ្ដាល ព្រៃវែង ស្វាយរៀង និង​ខេត្តតាកែវ តាមរយៈ​ការពង្រីក​ឱ្យ​កាន់តែ​ទូលំទូលាយ​នូវ​ការទទួលយក និង​ប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ក្នុងការ​គាំទ្រ​ការផលិត ការកែច្នៃ និង​ការធ្វើ​អាជីវកម្ម​កសិកម្ម​រប​ស់​កសិករ​។​

​លោក វេ​ង សាខុន ​បន្តថា គម្រោង​ក៏បាន​ពង្រីក​ទៅ​ខេត្ត​ទាំងអស់​ដែល​គាំទ្រ ដោយ​កម្មវិធី​ផ្សព្វផ្សាយ​បច្ចេកទេស​កសិកម្ម​ថ្មី ដែល​ធន់​ទៅនឹង​ការប្រែប្រួល អាកាសធាតុ (ASPIRE) ដែល​កម្មវិធី​នេះ​កំពុង​អនុវត្ត​សកម្មភាព​នៅ​ទូទាំងប្រទេសកម្ពុជា​។ គម្រោង S-RET មាន​រយៈពេល ៥ ឆ្នាំ គឺ​ចាប់ផ្តើម​អនុវត្ត​ពី​ខែតុលា ឆ្នាំ​២០១៦ ដល់​ខែមិថុនា ឆ្នាំ​២០២១ (​រួមទាំង​ការពន្យារ​ការអនុវត្ត​គម្រោង​រយៈ ៦ ខែ ដោយសារបញ្ហា​កូ​វីដ-១៩) ដោយ​ប្រើប្រាស់​ថវិកា​សរុប​ចំនួន ៤,៦ លាន​ដុល្លា​អាមេរិក​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​បញ្ជាក់បន្ថែមថា គោលបំណង​សំខាន់​របស់​គម្រោង​គឺ​គាំទ្រ និង​ជំរុញឱ្យមាន ការប្រើប្រាស់​បច្ចេកវិទ្យា​ថាមពល​កកើត​ឡើងវិញ ក្នុង​ផលិតកម្ម​កសិកម្ម និង​ការកែច្នៃ កសិផល​របស់​កសិក​រ ដើម្បី​កាត់បន្ថយ​ការប្រើប្រាស់​ថាមពល​ដែលមាន​ប្រភព​មិន ស្ថិតស្ថេរ ដូចជា​ប្រេងឥន្ធនៈ ធ្យូងថ្ម និង​ចរន្តអគ្គិសនី​ពី​បណ្ដាញ​រដ្ឋ ដែល​សុទ្ធសឹង តែ​ត្រូវ​ចំណាយ ថវិកា​គ្រួសារ​សម្រាប់​ការប្រើប្រាស់​។ លើសពីនេះ​ទៀត​ការប្រើប្រាស់ ថាមពល​កកើត​ឡើងវិញ បានផ្ដល់​អត្ថប្រយោជន៍​មហាសាល​ដល់​សុវត្ថិភាព និង​សុខមាលភាព​សង្គម​ផងដែរ​។​

​បន្ថែមពីនេះ លោក​រដ្ឋមន្រ្តី បាន​បន្តទៀតថា រហូតមកដល់​ពេលនេះ គម្រោង​បាន​ចំណាយ​ថវិកា​អស់​ប្រមាណ ៤,៣០ លាន​ដុល្លារ​អាមេរិក ស្មើនឹង ៩៤% នៃ​ថវិកា​សរុប ចំនួន ៤,៦០ លាន​ដុល្លារ អាមេរិក ដោយ​សម្រេច​ជោគជ័យ​បាន​ប្រមាណ ៩៨% នៃ​លទ្ធផល​ដែល​បានគ្រោង​។ ទន្ទឹមនឹងនេះ កសិករ​ដែល​ទទួលបាន​ផល បាន​ពេញ​ចិត្តនឹង​ទទួល​នូវ​បច្ចេកវិទ្យា ទាំងអស់​ខាងលើ ដើម្បី​ប្រើប្រាស់​ក្នុង​ការងារ​កសិកម្មរ​បស់​ពួកគាត់​។​

​លើសពីនេះ លោក​ វេង សុខុន បាន​គូសបញ្ជាក់ទៀតថា លទ្ធផល​សំខាន់ៗ ផ្សេងទៀត ដែល​គម្រោង​សម្រេចបាន មានដូចជា​៖ បាន​ចងក្រង និង​ផ្សព្វផ្សាយ​ឯកសារ​បច្ចេកទេស​តាម​បច្ចេកវិទ្យា​នីមួយៗ រួមមាន ៖ ម៉ូ​ទ័​រ​បូមទឹក ទូ​ភ្ញាស់​ស៊ុតមាន់ ម៉ាស៊ីន​កែច្នៃ​ចំណី​សត្វ ឧបករណ៍​ហា​លស​ម្ងួ​ត ប្រព័ន្ធ​កម្តៅ​ទឹក​សម្រាប់​ត្រាំ និង​លាង​សម្អាត​បន្លែ និង​ផ្លែឈើ និង​ការដាំ​បន្លែ​លើទឹក ប្រើ​ថាមពលព្រះអាទិត្យ និង​ធ្យូង​អនាម័យ​សម្រាប់​ដុត​កម្តៅ​កូន​មាន់​, បាន​បណ្ដុះ បណ្ដាល​មន្ត្រី​ជំនាញ​នៃ​នាយកដ្ឋាន​វិស្វកម្ម​កសិកម្ម និង​មន្ត្រី​ជំនាញ​ការិយាល័យ​គ្រឿង យន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ២៥ រាជធានី ខេត្ត សរុប ៣៥ នាក់​, បាន​បែងចែក​ឧបករណ៍​កសិកម្ម ប្រើ​ថាមពលព្រះអាទិត្យ​ជូន​នាយកដ្ឋាន​វិស្វកម្ម កសិកម្ម និង​ការិយាល័យ គ្រឿងយន្ត​កសិកម្ម នៃ​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត ទាំង ២៤ ខេត្ត …​។​ល​៕ដោយ៖សហការី

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print