ភ្នំពេញ ៖ នគរបាលផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលខណ្ឌពោធិសែនជ័យ ព្រឹក ថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០១៥ ដឹកបញ្ជូនជនសង្ស័យ៧នាក់ នៅកាន់សាលាដំបូងរាជធានីភ្នំពេញ ៣ករណីផ្សេងៗពីគ្នា ដើម្បីផ្តន្ទាទោសតាមច្បាប់ ។ លោក ឡេង វាសនា នាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង៧នាក់ ដែលត្រូវឃាត់ខ្លួន ក្នុងនោះទី១ឈ្មោះ តេង ភារុំ ភេទប្រុស អាយុ៣២ឆ្នាំ ទី២ ឈ្មោះ ម៉ិន មករា ភេទប្រុស អាយុ៣៦ឆ្នាំ ទី៣ឈ្មោះ ម៉េង នុក ភេទប្រុស អាយុ២៤ឆ្នាំ ទី៤ឈ្មោះ ផាន់ សម្បត្តិ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនៅផ្ទះ ទាំង៤នាក់ រស់នៅភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ជាប់ចោទពីបទលួច ( ផ្លោះរបងចូលលួចសម្ភារៈគ្រឿងចក្រ) កើតហេតុវេលាម៉ោង ២ យប់ ថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចការ៉ាស់គ្រឿងចក្រ ស្ថិតក្នុងភូមិវាល សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ។ ជនរងគ្រោះឈ្មោះ សុខ ឡាយ ភេទប្រុស អាយុ៦០ឆ្នាំ មុខរបរជាងក្រឡឹង មានទីលំនៅភូមិសង្កាត់កើតហេតុ ។ លោក ឡេង វាសនា ប្រាប់បន្តឲ្យដឹងថា ចំណែកជនសង្ស័យ ទី៥ ឈ្មោះ ស៊ុំ យឹមស័ក ភេទប្រុស ជនជាតិខ្មែរ មុខរបរមេការភោជនីយដ្ឋានសំនៀងផ្អែម រស់នៅភូមិចាក់ជ្រូក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ ឃាត់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួនពីលោក ជួន សុរាសី ចៅក្រមស៊ើបសាលាដំបូងរាជធានីភ្នំពេញ លេខ ២០៩ ត.ព្រ ចុះថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៥ ជាប់ចោទពីបទ ហឹង្សាដោយចេតនាមានស្ថានទម្ងន់ទោស( វាយប្រើដប) ប្រព្រឹត្តនៅចំណុចក្នុងភោជនីយដ្ឋានសំនៀងផ្អែម ផ្លូវ២០០៤ ភូមិល្វា សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ កាលពីថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០១៣ តាមបញ្ញាត្តិមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ។ លោកនាយរងផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌពោធិសែនជ័យប្រាប់បន្តទៀតឲ្យដឹងថា ជនសង្ស័យ ទី៦ ឈ្មោះ ជ្រុន កុសល ហៅ សល់ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងទីស្នាក់ការសន្តិសុខ SMSK ភូមិព្រៃនប់ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ និងជនសង្ស័យ ទី៧ ឈ្មោះ ម៉ៅ សំបូរ ភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខ ស្នាក់នៅក្នុងទីស្នាក់ការសន្តិសុខ SMSK ភូមិ១ សង្កាត់១ ខេត្តព្រះសីហនុ ជាប់ចោទ ករណី លួច ទ្រព្យសម្បត្តិ ពីជនរងគ្រោះឈ្មោះ ធុន ច័ន្ទសេរីរ័ត្ន ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរនាយកក្រុម ហ៊ុន សន្តិសុខ SMSK ប្រព្រឹត្តឡើងកាលពីវេលាម៉ោង ០០ និង៣០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៥ នៅចំណុចក្រុមហ៊ុន សន្តិសុខ SMSK មានទីតាំងផ្ទះលេខ ៥៥C ផ្លូវលេខ១០៩ ក្រុមទី៣ ភូមិក្បាលដំរី សង្កាត់កាកាប ខណ្ឌពោធិសែនជ័យ ៕ តាឡឹម
ព្រឹកថ្ងៃទី២០ ខែកក្កដា នគរបាលខណ្ឌពោធិសែនជ័យបញ្ជូនជនសង្ស័យ៧នាក់នៅកាន់តុលាការ៣ករណីផ្សេងគ្នា
...