ភ្នំពេញ៖ បុរសម្នាក់ក្នុងចំណោមពីរនាក់បានស្លាប់ក្រោយពីបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងបន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងចូលទៅវាយបុរសម្នាក់ដល់ក្នុងបន្ទប់ជួល ដោយមិនដឹងថាជាករណីអ្វីនោះទេ តែត្រូវជនរងគ្រោះនិងអ្នកស្នាក់នៅបន្ទប់ក្បែរខាងនាំគ្នាចេញមកជួយនិងវាយតប់គ្នាទៅវិញទៅមកប្រសេចប្រសាចចេញមកក្រៅពេញផ្លូវ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋរស់នៅក្បែរខាង និងសមត្ថកិច្ចចុះមកធ្វើអន្តរាគមន៍
កាលពីវេលាម៉ោង៩ និង៤០នាទីយប់ថ្ងៃទី ២៤ខែមិថុនាឆ្នាំ២០២១ នៅចំណុចបន្ទប់ជួលមួយកន្លែងតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
តាមប្រភពពីប្រជាពលរដ្ឋនៅកន្លែងកើតហេតុបានប្រាប់ឱ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ជិះម៉ូតូម៉ាកអាយខុនមួយគ្រឿងមិនចាំស្លាកលេខ ប្រដាប់ដោយដំបងនិងកាំបិតចូលទៅវាយកាប់បុរសម្នាក់ដែលប្រជាពលរដ្ឋអះអាងនិងស្គាល់ថាឈ្មោះ ង៉ោល មានមុខរបរជាជាងសំណង់ ស្នាក់នៅបន្ទប់ជួលកើតហេតុខាងលើ ដោយសង្ស័យជារឿងគំនុំ។ប្រភពដដែលបានបន្តទៀតថា បន្ទាប់មកក៏មានភ្ញាក់ផ្អើលដល់អ្នកស្នាក់នៅបន្ទប់ក្បែរខាងចេញមកជួយជនរងគ្រោះ រួចក៏ដេញគ្នាចេញមកខាងក្រៅលើផ្លូវបេតុង វាយតប់គ្នាទៅវិញទៅមក ប្រសេចប្រសាចបណ្ដាលឲ្យភាគីដែលចូលទៅវាយគេមុននោះស្លាប់ម្នាក់ពេលបញ្ជូនទៅសង្គ្រោះតាមម៉ូតូកង់បីនៅឯមន្ទីរពេទ្យ។ចំណែកម្នាក់ទៀតបានយកដំបងនិងកំបិតទម្លាក់ចូលក្នុងលូរួចគេចខ្លូនបាត់ទៅ។បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ជូនទៅសមត្ថកិច្ចមូលដ្ឋានភ្លាមៗ។
សមត្ថកិច្ចបានប្រាប់ឱ្យដឹងថា ពេលកើតហេតុកម្លាំងសមត្ថកិច្ចបានចុះមកធ្វើអន្តរាគមន៍ដល់ចំណុចកើតហេតុភ្លាមៗដោយដកហូតបានវត្ថុតាងមួយចំនួននិងឃាត់ខ្លួនមនុស្សចំនូន៥នាក់យកទៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី១ ដើម្បីធ្វើការសួរនាំនិងស្រាវជ្រាវបន្ត៕
ដោយ៖ សុខាសែនជ័យ