អន្តរជាតិ៖ បើយោងតាមការលើកឡើងរបស់លោក អាន់តូនីញ៉ូ ហ្គូទែរែស (Antonio Guterres) អគ្គលេខាធិការ នៃអង្គការសហប្រជាជាតិ (UN) នៅថ្ងៃព្រហស្បតិ៍ទី២៤ ខែមិថុនា ឆ្នាំ២០២១ បានចោទប្រកាន់អ៊ីស្រាអែល ពីបទរំលោភបំពានច្បាប់អន្តរជាតិ ដោយការពង្រីកការតាំងទីលំនៅនៅតំបន់ វែសត៍ ប៊ែង (West Bank) និងទីក្រុងហ្សេរុយសាឡឹមខាងកើត (East Jerusalem) ដែលជាទឹកដីរបស់ប៉ាឡេស្ទីន ដោយនិយាយថា ការតាំងទីលំនៅគឺ «ខុសច្បាប់» និងជំរុញឱ្យរដ្ឋាភិបាលថ្មីរបស់ប្រទេសនេះ បញ្ឈប់សកម្មភាពពង្រីករបស់ខ្លួនជាបន្ទាន់។
ជាក់ស្ដែងយោងតាមការទីភ្នាក់ងារសារព័ត៌មាន AP នៅព្រឹកថ្ងៃសុក្រ ទី២៥ ខែមិថុនា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីលោក អាន់តូនីញ៉ូ ហ្គូទែរែស និងលោក ថរ វែនណែសលែនដ៍ (Tor Wennesland) ប្រេសិតពិសេស UN ប្រចាំតំបន់មជ្ឈិមបូព៌ា បានរាយការណ៍អំពីការអនុវត្តសេចក្ដីសម្រេច របស់ក្រុមប្រឹក្សាសន្តិសុខឆ្នាំ២០១៦ ដែលបានប្រកាសថា ការតាំងទីលំនៅគឺ «គ្មានសុពលភាពស្របច្បាប់ទេ»។
ជាមួយគ្នានេះ ប្រេសិតពិសេស UN៖ លោក Wennesland បានលើកឡើងបន្ថែមថា៖ «ខ្ញុំសូមបញ្ជាក់ជាថ្មីម្តងទៀតថា ការតាំងទីលំនៅរបស់អ៊ីស្រាអែល គឺជាការរំលោភជាក់ស្តែងលើសេចក្តីសម្រេចចិត្តរបស់ UN និងច្បាប់អន្តរជាតិ។ វាគឺជាឧបសគ្គដ៏ធំចំពោះសមិទ្ធផលនៃដំណោះស្រាយរដ្ឋពីរ និងសន្តិភាពទូលំទូលាយយូរអង្វែង។ ដូច្នេះការជំរុញរាល់សកម្មភាពតាំងទីលំនៅ ត្រូវតែបញ្ឈប់ជាបន្ទាន់»។
គួរជម្រាបថា តំបន់ West Bank និងទីក្រុង East Jerusalem គឺជាទឹកដីដែលប៉ាឡេស្ទីនចង់យកធ្វើជារដ្ឋធានី នៅពេលបង្កើតរដ្ឋពេញលេញ ខណៈបច្ចុប្បន្ននេះ ប៉ាឡេស្ទីន មានឋានៈត្រឹមជារដ្ឋអង្កេតការណ៍ នៅក្នុងអង្គការសហប្រជាជាតិប៉ុណ្ណោះ៕ដោយ៖ស តារា