អគ្គនាយកស៉ីម៉ាក់៖ ចុះពិនិត្យសកម្មភាពត្រៀមបំរុងហ្វឹកហ្វឺនបំពាក់ជំនាញសុនខ​ ឱ្យ​ហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩

ចែករំលែក៖

ភ្នំពេញ៖ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកមជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (ស៉ីម៉ាក់) លោក ហេង រតនា​ បានថ្លែង​នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះថា៖ ការស្រាវជ្រាវ និងអភិវឌ្ឍន៍ឲ្យមានសុនខប្រយុទ្ធប្រឆាំងកូវីដ១៩ របស់ស៉ីម៉ាក់កំពុងដំណើរការទៅមុខយ៉ាងរលូនល្អ ដែលអាចផ្តល់នូវក្តីសង្ឃឹមថា កម្ពុជានឹងមានសុនខហិតរកអ្នកឆ្លងកូវីដ-១៩ ក្នុងពេលឆាប់ៗ។

ចំពោះ​ការ​លើក​ឡើង​របស់លោក ហេង រតនា បែប​នេះ​បន្ទាប់ពីលោកបានចុះទៅមណ្ឌលសុនខ អង្គភាពស៉ីម៉ាក់កំពង់ឆ្នាំង ដើម្បីពិនិត្យសកម្មភាព ត្រៀមបំរុងហ្វឹកហ្វឺនបំពាក់ជំនាញសុនខហិតអ្នកផ្ទុកវីរុសកូវីដ១៩ រួមមានបរិវេណអាគារ និងបន្ទប់ហ្វឹកហ្វឺនសុនខ ជាដើម។

លោកអគ្គនាយកស៉ីម៉ាក់​ ថ្លែង​បន្តថា ក្រោយពីបានទទួលគំនិតផ្តួចផ្តើមក្នុងការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខហិតវីរុសកូវីដ១៩ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជារួចមក អង្គភាពស៉ីម៉ាក់បានរៀបចំអាគារ បន្ទប់ ទីលានហ្វឹកហ្វឺនមានលក្ខណៈពិសេសសំរាប់បំរើឱ្យការស្រាវជ្រាវ និងអភិវឌ្ឍន៍សុនខជំនាញហិតវីរុសកូវីដ១៩នេះ ក្នុងនោះក៏ជ្រើសរើសបេក្ខភាពសុនខចំនួន១០ក្បាល អ្នកកាន់សុនខចំនួន១០នាក់ គ្រូបង្វឹក និងសំភារៈមួយចំនួន ដើម្បីគាំទ្រការដំណើរការនេះ។

លោក​ ហេង​ រតនា​ បានថ្លែង​បន្តទៀតថា​ ទន្ទឹងនឹងនេះក៏ស៉ីម៉ាក់បានចងក្រងឯកសារនីតិវិធីប្រតិបត្តិការ ការសិក្សាស្រាវជ្រាវ ហ្វឹកហ្វឺន និងការអនុវត្តសាកល្បង ការសិក្សាវិភាគទិន្នន័យ ប្រពន្ធ័វាយតំលៃសមត្ថភាព និងប្រសិទ្ធភាពសុនខជាដើម ដែលនេះជាធាតុទន់យ៉ាងសំខាន់ ដើម្បីកំណត់កត្តាជោគជ័យ នៃការងារស្រាវជ្រាវ និងអភិវឌ្ឍន៍។

ជាមួយនេះ​ ស៉ីម៉ាក់​ ក៏បានសហការជាមួយក្រសួងសុខាភិបាល និងសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល បានរៀបចំនីតិវិធីមួយចំនួន ហើយខាងអ្នកវិទ្យាសាស្ត្រសុខាភិបាល ក៏បានខិតខំប្រឹងប្រែងបញ្ចប់ពិធីសារបច្ចេកទេសមួយចំនួន ដើម្បីយកក្លិនពីអ្នកជំងឺប្រកបដោយសុវត្ថិភាព និងប្រកបដោយក្របសីលធម៌វិជ្ជាជីវៈ។

អង្គភាពស៉ីម៉ាក់ក៏បានទទួលជំនួយ ពីក្រុមហ៊ុនស្វីស នូវឧបករណ៍ចាប់ក្លិនអ្នកជំងឺផ្ទុកវីរុសកូវីដ១៩ ហើយថ្មីៗនេះ ខាងសុខាភិបាលបានចាប់ផ្តើមអនុវត្តយកឧបករណ៍នោះ ទៅចាប់ក្លិនពីអ្នកជំងឺកូវីដ និងបន្តពិនិត្យបញ្ជាក់គ្មានហានិភ័យវីរុសកូវីដលើឧបករណ៍ ដើម្បីបំរើឱ្យការស្រាវជ្រាវ និងហ្វឹកហ្វឺននេះគ្មានប៉ះពាល់ហានិភ័យឆ្លងកូវីដឡើយ។

បន្ថែមពីនេះ​ លោក ហេង រតនា បានគូសបញ្ជាក់យ៉ាងដូច្នេះថា៖ «ជាមួយបទពិសោធន៍ក្នុងការប្រើប្រាស់ និងហ្វឹកហ្វឺនសុនខ ព្រមទាំងការប្តេជ្ញាចិត្តខ្ពស់ របស់អ្នកវិទ្យាសាស្ត្រសុខាភិបាល និងអ្នកបច្ចេកទេសសុនខ ដែលបានធ្វើឱ្យការស្រាវជ្រាវ និងអភិវឌ្ឍន៍នេះកំពុងដំណើរការទៅមុខបានឆាប់រហ័សទាន់ពេលវេលា និងធ្វើដំណើរតំរង់សំដៅទៅរកក្តីសង្ឃឹមរបស់យើង គឺមានសុនខប្រយុទ្ធប្រឆាំងកូវីដ១៩ នៅកម្ពុជា»។

គួរបញ្ជាក់ថា មានប្រទេសមួយចំនួនដូចជា៖ អាល្លឺម៉ង់ ហ្វាឡង់ អូស្ត្រាលី រុស្ស៊ី ជាដើម បាននិងកំពុងប្រើប្រាស់សុនខ ជាជំនួយហិត រកអ្នកផ្ទុកវីរុសកូរ៉ូណាផងដែរ។ បច្ចុប្បន្ននេះអង្គភាពស៊ីម៉ាក់ មានសុនខ ដែលមានសមត្ថភាព ក្នុងការគាំទ្រដល់សកម្មភាពប្រឆាំងភេរវកម្ម ការងារបោសសំអាតគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះ និងការងារបរិស្ថាន៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print