ខេត្តបាត់ដំបង ៖ កម្លាំងនគរបាលប៉ុស្តិ៍ព្រំដែន សហការជាមួយកម្លាំងយោធា ចេញល្បាតតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃនៅថ្ងៃសៅរ៍ ២រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១នេះបានចេញល្បាតទប់ស្កាត់ប្រជាពលរដ្ឋបម្រុងលួចឆ្លងដែនខុសច្បាប់ចូលក្នុងទឹកដីប្រទេសថៃត្រង់ចំណុចនៃភូមិសាស្ត្រភូមិគីឡូ១៣ ឃុំសន្តិភាព ស្រុកសំពៅលូនដោយឃាត់ខ្លួនបាន ចំនួន៨នាក់ក្នុងនោះមានស្រី៤នាក់ ។
លោកវរសេនីយ៍ឯក ពៅ ថាវុធ ស្នងការរងនគរបាលខេត្តបន្ទាយមានជ័យ ទទួលការងារវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៨១៧ ដែលដឹកនាំកម្លាំងចុះល្បាតបានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនគរបាលខេត្តបាត់ដំបងជាប្រចាំ ស្តីពីការ ការពារសន្តិសុខតាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ និងត្រួតពិនិត្យពលរដ្ឋឆ្លងដែន និងមេខ្យល់នាំពលករ ចេញ-ចូលខុសច្បាប់តាមខ្សែបន្ទាត់ព្រំដែនកម្ពុជា-ថៃ លោក បានដឹកនាំកម្លាំងល្បាតនៅតាមព្រំដែនត្រង់ចំណុចខាងលើ ហើយបានឃាត់ប្រជាពលរដ្ឋខ្មែរ៨នាក់បម្រុងឆ្លងដែនខុសច្បាប់ទៅប្រទេសថៃ។
លោកបន្តថា បន្ទាប់ពីធ្វើការសាកសួរ កត់ឈ្មោះធ្វើកិច្ចសន្យា អប់រំណែនាំដល់ពួកគាត់រួច មកសមត្ថកិច្ច បានប្រគល់បងប្អូនឱ្យទៅក្រុមគ្រូពេទ្យ ដើម្បីទទួលយកទៅពិនិត្យសុខភាពនិងយកសំណាកនៅច្រកទ្វារព្រំដែនអន្តរជាតិគីឡូ១៣ មុននឹងបញ្ជូនទៅកាន់មណ្ឌលចត្តាឡីស័ក និងអនុញ្ញាតឲ្យវិលត្រឡប់ទៅលំនៅដ្ឋានវិញ៕