ភ្នំពេញ ៖ បុរសជនជាតិចិនម្នាក់បានបើកម៉ូតូលឿនជ្រុលទៅបុករថយន្តដែលកំពុងបើកឆ្លងផ្លូវ បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯងត្រូវបានប្រជាពលរដ្ឋដឹកតាមរ៉ឺម៉កកង់បីយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯកជន ។
ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង៩និង៥០នាទីថ្ងៃព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ឱ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្តម៉ាកLEXUS RX330 ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AF -3869 បើកបរដោយបុរសម្នាក់តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅពីត្បូងទៅជើង ខណៈបើកមកដល់ចំណុចកើតហេតុ ក៏បានបត់ឆ្វេងដៃឆ្លងផ្លូវចូលស្ថានីយប្រេងឥន្ធនៈ តែភ្លាមនោះក៏មានជនជាតិចិនម្នាក់បើកម៉ូតូម៉ាកហុងដាស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ1CT-9475 តាមបណ្តោយផ្លូវព្រះនរោត្តម ក្នុងទិសដៅបញ្រ្ចាសគ្នាយ៉ាងលឿនចាប់ហ្រ្វ័ងមិនទាន់ ក៏ជ្រុលទៅបុករថយន្ដចំពីមុខបណ្ដាលឱ្យជនជាតិចិនអ្នកបើកម៉ូតូនោះរងរបួសធ្ងន់ ត្រូវបានប្រជាពលរដ្ឋហៅរ៉ឺម៉កកង់បី ដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យឯក
ជនភ្លាមៗ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន សហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍ប៉ុស្តិ៍ទន្លេបាសាក់ បានចុះទៅវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌចំការមន រង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ៖ ជ្រោយពេជ្រ