ខេត្តកណ្តាល៖ មានហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើងបន្ទាប់ពីមានប្រជាពលរដ្ឋម្នាក់ប្រទះឃើញគ្រាប់ទម្លាក់ម៉ាកMK៨២ចំនួនមួយគ្រាប់កប់នៅក្នុងបាតព្រែកសំរ៉ែ ស្ថិតក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកពញាឮ ខេត្តកណ្តាល កាលពីវេលារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ ។
មន្ត្រីនគរបាលស្រុកពញាឮបានឲ្យដឹងថា គ្រាប់ខាងលើនេះត្រូវបានប្រជាពលរដ្ឋ ឈ្មោះ ហំ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅក្នុងភូមិក្តីចាស់ ឃុំព្រែកលួង ស្រុកពញាឮ ជីកកាយដីបាតព្រែកសំរ៉ែប្រទះឃើញ ក៏រាយការមកសមត្ថកិច្ចនគរបាលប៉ុស្តិ៍ ។ ប្រភពដដែលបានបន្តថា បន្ទាប់ពីសមត្ថកិច្ចចុះទៅពិនិត្យឃើញជាក់ស្តែង សមត្ថកិច្ចបានហ៊ំព័ទ្ធកន្លែងគ្រាប់ដែលប្រទះឃើញនោះមិនឲ្យប្រជាពលរដ្ឋចូលទៅជិត និងរាយការណ៍ទៅសមត្ថកិច្ចនគរបាលការិយាល័យជំនាញខេត្ត ដើម្បីចុះទៅនាំយកទៅរក្សាទុកកន្លែងមានសុវត្ថិភាព កុំឲ្យគ្រាប់មួយគ្រាប់នេះវាផ្ទុះបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ។
ប្រភពដដែលបានបញ្ជាក់ថា នៅព្រឹកថ្ងៃទី១៧ ខែឆ្នាំដដែលនេះសមត្ថកិច្ចនគរបាលការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានសហការជាមួយមន្ត្រីជំនាញ នៃមជ្ឈមណ្ឌលជាតិកំចាត់មីនកម្ពុជា ហៅកាត់ថា “CMAC” និងនគរបាលស្រុកពញាឮ ចុះទៅជីកកកាយយកគ្រាប់ខាងលើនេះចេញពីបាតព្រែក ដើម្បីដឹកជញ្ជូនទៅរក្សាទុកនៅសាលាហ្វឹកហ្វឺនឯខេត្តកំពង់ឆ្នាំង ។
មន្ត្រីជំនាញCMACបានបញ្ជាក់ថា គ្រាប់ទម្លាក់ម៉ាកMK៨២ចំនួនមួយគ្រាប់នេះមាន ទម្ងន់២២៧គីឡូក្រាម ប្រវែអ២,២២ម៉ែត្រ និងមានមុខកាត់ប្រវែង២៧៣សង់ទីម៉ែត្រ ។ គ្រាប់MK៨២នេះវានៅសេសសល់តាំងពីសម័យសង្ក្រាមមកម្លេះ រហូតមកដល់បច្ចុប្បន្ននេះវានៅមានគុណភាព(នៅផ្ទុះ)នៅឡើយ ៕
ដោយ៖ ស្អាងជ័យ