ភ្នំពេញ ៖ នគរបាលខណ្ឌឫស្សីកែវបាន បង្ក្រាបជាក់ស្តែងករណីលួចមានស្ថានទម្ងន់ទោស (ធាក់ជនរងគ្រោះគំរាមប្លន់យកម៉ូតូ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោង៣និង៥០នាទីនៅតាមបណ្តោយផ្លូវជាតិលេខ៥ ត្រង់ច់ន្លោះគីឡូម៉ែត្រលេខ២០-២១ ភូមិស្លែងដីដុះ ឃុំព្រែកតាទែន ស្រុកពញាឮ ខេត្តកណ្តាល បង្កឡើងដោយជនសង្ស័យមានគ្នា៤នាក់។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌឫស្សីកែវ បានឱ្យដឹងថា ជនសង្ស័យទាំង៤នាក់ ដែលកម្លាំងយើងបង្ក្រាបបាន មាន ៖ ១-ឈ្មោះបឿន សុខហាងភេទប្រុស អាយុ២៦ឆ្នាំ មុខរបរជាងដែកស្នាក់នៅផ្ទះលេខ៦ ផ្លូវបេតុងក្នុងភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ (មានសារធាតុញៀន), ២-ឈ្មោះនៅ ពៅភេទប្រុស អាយុ២៥ឆ្នាំ មុខរបរគ្មានស្នាក់នៅផ្ទះជួលក្នុងភូមិបឹងសាឡាងសង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន), ៣-ឈ្មោះឆោម រដ្ឋាភេទប្រុស អាយុ២១ឆ្នាំ មុខរបរសន្តិសុខឯកជន ស្នាក់នៅភូមិ-ឃុំផ្សារសាមគ្គី ក្រុងច្បារមន ខេត្តកំពង់ស្ពឺ(មានសារធាតុញៀន), ៤-ឈ្មោះយាន វិរត្ន័ ភេទប្រុសអាយុ២២ឆ្នាំ មុខរបរជាងដែក ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ(មានសារធាតុញៀន)។
ចំណែកជនរងគ្រោះឈ្មោះ បុិច ឧត្តម ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនជេធីអាយ ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ។
ពេលឃាត់ខ្លួនជនសង្ស័យនោះកម្លាំងសមត្ថកិច្ចដកហូតបានម៉ូតូចំនួន៣គ្រឿង
គឺម៉ូតូម៉ាកហុងដាឌ្រីម C125១គ្រឿង
ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ស្លាកលេខភ្នំពេញ1FN-7118, ម៉ូតូម៉ាកSCOOPY ពណ៌ក្រហម១គ្រឿងពាក់ស្លាកលេខភ្នំពេញ1IR-5284 និងម៉ូតូម៉ាកSCOOPY ពណ៌ស១គ្រឿង ពាក់ស្លាកលេខភ្នំពេញ1IR-8717។
លោកអធិការបន្តថា នៅថ្ងៃ ខែ ឆ្នាំខាងលើជនរងគ្រោះបានចេញពីផ្ទះក្នុង គោលបំណងទៅធ្វើបុណ្យនៅឯខេត្តកំពង់ឆ្នាំង ពេលជិះមកដល់ចំណុចកើតហេតុ ក៏មានជនសង្ស័យ៦នាក់ជិះម៉ូតូតាមពីក្រោយ ហើយធ្វើសកម្មភាពធាក់ម៉ូតូជនរងគ្រោះឲ្យដួលរួចគំរាមវាយជនរងគ្រោះធ្វើឱ្យជនរងគ្រោះភ័យក៏ទុកម៉ូតូចោលរត់យករួចខ្លួន ។ បន្ទាប់មកជនសង្ស័យបានយកម៉ូតូជនរងគ្រោះជិះត្រលប់ក្រោយចូលភ្នំពេញវិញ ពេលមកដល់ចំណុចផ្លូវលេខ១០០៣ ក្រុម៤ សង្កាត់ច្រាំងចំរេះទី១ ខណ្ឌឫស្សីកែវក៏ជួបគោលដៅកម្លាំងអធិការដ្ឋានឃាត់ធ្វើការបត្រួតពិនិត្យ និងបានឃាត់ខ្លួនជនសង្ស័យ២នាក់ ព្រមទាំងស្រាវជ្រាវឃាត់ខ្លួនបាន២នាក់បន្តទៀត។
នៅចំពោះមុខសមត្ថកិច្ចជំនាញនៃអធិការដ្ឋាននឹងបន្តស្រាវជ្រាវរកបក្ខពួកនិងម៉ូតូជនរងគ្រោះ ព្រមទាំងកសាងសំណុំរឿងបញ្ជូនបន្តតាមនីតិវិធី ៕
ដោយ៖ ជីណា