ភ្នំពេញ, គណៈកម្មការជាតិ បយុទ្ធនឹងជំងឺកូវីដ-១៩ (គបក) គណៈបចាំការ សូមជម្រាបមក លោក លោកស្រី ជាអនុប្រធាន និងសមាជិកគណៈប្រចាំការនៃ គបក
លោក លោកស្រី ជាប្រធាន អនុប្រធាន និងសមាជិកគណៈប្រតិបត្តិន គបក
លោក លោកស្រី ជាប្រធានអនុគណៈកម្មការនានាចំណុះឱ្យ គបក
លោក លោកស្រី ជាប្រធានគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ រាជធានី-ខេត្ត
កម្មវត្ថុ៖ សេចក្តីណែនាំអំពីវិធានការ និងផែនការឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការឆ្លង រាលដាលនៃជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងការគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលត្រូវបានរកឃើញលើអ្នកដំណើរចូលមកកម្ពុជាតាមច្រកព្រំដែនកម្ពុជា-ថៃ។
យោង ៖ ចំណារឯកភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ ២០២១ លើរបាយការណ៍ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់គណៈប្រចាំការនៃ គ.ប.ក.។
សេចក្តីដូចមានចែងក្នុងកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាបជូន លោក លោកស្រីមេត្តាជ្រាបថា យោងតាមចំណារដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ លើរបាយការណ៍ចុះថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២១ របស់គណៈប្រចាំការនៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ និងយោងលើភាពចាំបាច់បន្ទាន់ ដើម្បីឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍ នៃការឆ្លងរាលដាលជំងឺកូវីដ-១៩ ជាពិសេស ការពង្រឹងប្រសិទ្ធភាពនៃការគ្រប់គ្រងហានិភ័យនៃការឆ្លងរាលដាល នៃមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទ Delta ចូលក្នុងសហគមន៍ តាមរយៈអ្នកដំណើរដែលចូលមកកម្ពុជា តាមបណ្តាច្រកព្រំដែននានា ពិសេសប្រជាពលរដ្ឋខ្មែរដែលមកពីប្រទេសថៃ, គណៈប្រចាំការនៃគណៈកម្មការជាតិ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមធ្វើការណែនាំ ដូចខាងក្រោម៖
ទី១-ដើម្បីឆ្លើយតបទៅនឹងកំណើននៃចំនួនអ្នកធ្វើចត្តាឡីស័កដែលជាអ្នកដំណើរចូលមកកម្ពុជា វិញតាមច្រកព្រំដែនកម្ពុជា-ថៃ និងដើម្បីគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta កុំឱ្យធ្លាយចូលទៅក្នុង សហគមន៍, ប្រគល់ភារកិច្ចជូនអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេសនិងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការសាងសង់និងជួសជុល ដឹកនាំរៀបចំជាបន្ទាន់នូវមណ្ឌលចត្តាឡីស័កបន្ថែមនៅតាមមាត់ ច្រកព្រំដែនកម្ពុជា-ថៃ ជាពិសេស សម្រាប់ខេត្តដែលពុំទាន់មានកន្លែងធ្វើចត្តាឡីស័កគ្រប់គ្រាន់ ដោយសហការ ជាមួយខេត្តជាប់ព្រំដែនពាក់ព័ន្ធ និងមានការគាំទ្រពីអនុគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ។ ទន្ទឹមនេះ អនុ គណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេសនិងការធ្វើចត្តាឡីស័ក ត្រូវដឹកនាំសម្របសម្រួលជាមួយ គណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ដើម្បីរៀបចំបែងចែកឱ្យដាច់ពីគ្នារវាងអ្នកធ្វើចត្តាឡីស័ក ដែលជាអ្នកដំណើរមកពីប្រទេសថៃ និងអ្នកធ្វើចត្តាឡីស័កដែលជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ២០២១ ដើម្បីបង្ការការចម្លងជាយថាហេតុនៃមេរោគបំប្លែងខ្លួនថ្មីនេះនៅក្នុងមណ្ឌលចត្តាឡីស័ក
ទី២-ដើម្បីឆ្លើយតបទៅនឹងកំណើននៃអ្នកជំងឺកូវីដ-១៩ នៅតាមបណ្តាខេត្តជាប់ព្រំដែនកម្ពុជា-ថៃ នាពេលខាងមុខ, ប្រគល់ភារកិច្ចជូនអនុគណៈកម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដោយសហការជាមួយនឹងអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល ធ្វើការផ្គត់ផ្គង់បន្ថែមទៀតនូវសម្ភារបរិក្ខារពេទ្យចាំបាច់នានា ព្រមទាំង ឱសថព្យាបាលដល់បណ្តាខេត្តជាប់ព្រំដែន ដោយផ្អែកលើសភាពការណ៍ និងតម្រូវការជាក់ស្ដែងចំពោះមុខ។
ទី៣-ប្រគល់ភារកិច្ចជូនអនុគណៈកម្មការបច្ចេកទេសនិងព្យាបាល ដោយសហការជាមួយអនុគណៈ កម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ព្រមទាំងបណ្តាខេត្ត និងអនុគណៈកម្មការដែលមានការពាក់ព័ន្ធ ដើម្បីដឹកនាំ រៀបចំឱ្យមាន “មណ្ឌលសង្គ្រោះបន្ទាន់កម្រិតតំបន់ តាមរយៈការបង្កើនសមត្ថភាពមន្ទីរពេទ្យបង្អែកថ្នាក់ខេត្ត ដែលមានហេដ្ឋារចនាសម្ព័ន្ធគ្រប់គ្រាន់ ដោយត្រូវចាប់ផ្តើមអនុវត្តជាអាទិភាពសម្រាប់តំបន់ជាប់ព្រំដែនកម្ពុជា-ថៃ។
ទី៤-បន្ថែមលើចំណុចទី១ នៃការណែនាំរបស់គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធនឹង ជំងឺកូវីដ-១៩ តាមរយៈលិខិតចុះថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ និងដើម្បីគ្រប់គ្រងមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta ដែលជាករណីនាំចូលពីប្រទេសថៃតាមច្រកព្រំដែន កុំឱ្យឆ្លងចូលក្នុងសហគមន៍គណៈកម្មការ ប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត នៅជាប់ព្រំដែនកម្ពុជា-ថៃ ត្រូវបង្កើនកិច្ចសហការជាមួយនឹងខេត្តរបស់ ប្រទេសថៃជាប់ព្រំដែន ដើម្បីពង្រឹងការគ្រប់គ្រងរំហូរចូលនៃប្រជាពលរដ្ឋ និងពលករខ្មែរដែលវិលត្រឡប់ពី ប្រទេសថៃចូលមកកម្ពុជាវិញ និងដើម្បីចៀសវាងការលួចឆ្លងដែនដោយខុសច្បាប់។ ទន្ទឹមនេះ ស្ថានទូតកម្ពុជា ប្រចាំប្រទេសថៃ ត្រូវធ្វើការផ្សព្វផ្សាយបន្ថែមឱ្យបានទូលំទូលាយជូនដល់ពលករខ្មែរនៅប្រទេសថៃអំពីការ យកចិត្តទុកដាក់លើពលករខ្មែរពីសំណាក់អាជ្ញាធរថៃ ក្នុងអំឡុងពេលដែលប្រទេសថៃបានដាក់ចេញនូវវិធានការ ជាបណ្ដោះអាសន្នក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ដើម្បីកុំឱ្យពលករខ្មែរមានការព្រួយបារម្ភ
ហើយសម្រេចចិត្ត វិលត្រឡប់មកកម្ពុជាវិញ ដែលអាចធ្វើឱ្យបាត់បង់ការងារនៅប្រទេសថៃ ក្រោយពេលដែលវិធានការត្រូវបាន បញ្ចប់ទៅវិញ។
ទី៥-ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍ ទាំងសម្រាប់ សភាពការណ៍ចំពោះមុខ ទាំងសម្រាប់សភាពការណ៍អាក្រក់ដែលអាចកើតមានឡើងជាយថាហេតុនាពេល អនាគត ដែលបណ្តាលមកពីមេរោគបំប្លែងខ្លួនថ្មី ប្រភេទ Delta, គណៈកម្មការប្រយុទ្ធនឹងជំងឺកូរីដ-១៩ ថ្នាក់ រាជធានី-ខេត្ត ត្រូវចាត់វិធានការមុតស្រួចបន្ថែមទៀត ទាំងវិធានការផ្នែករដ្ឋបាល, ទាំងវិធានការផ្នែកសុខាភិបាល និងវិធានការច្បាប់ បន្ថែមពីលើការអប់រំ និងការអំពាវនាវនាពេលកន្លងមក។
ទី៦-អនុញ្ញាតឱ្យអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ផ្តល់ថវិកាដល់គណៈកម្មការប្រយុទ្ធនឹង ជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ដើម្បីធ្វើលទ្ធកម្មសម្ភារបរិក្ខារមួយចំនួន ដែលអាចរកបានក្នុងភូមិសាស្ត្ររបស់ខ្លួន ដោយពុំចាំបាច់ធ្វើការផ្គត់ផ្គង់ ឬដឹកជញ្ជូនពីរាជធានីភ្នំពេញទៅតាមបណ្តាខេត្ត។ ចំពោះការផ្គត់ផ្គង់សម្ភារឃីត និងទឹកបរិសុទ្ធ ដល់អ្នកធ្វើចត្តាឡីស័កនៅតាមបណ្តាខេត្តជាប់ព្រំដែន ដែលបច្ចុប្បន្នត្រូវដឹកជញ្ជូនពីរាជធានី ភ្នំពេញ ដើម្បីផ្គត់ផ្គង់, ប្រគល់ភារកិច្ចជូនគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត ដែលមានការពាក់ព័ន្ធ ទិញដោយផ្ទាល់នូវសម្ភារឃីត និងទឹកបរិសុទ្ធនេះ នៅក្នុងភូមិសាស្ត្ររបស់ខ្លួន ហើយអនុគណៈកម្មការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ ត្រូវផ្តល់ជូនថវិកា ផ្អែកតាមផែនការដែលបានស្នើឡើងដោយគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់ខេត្ត។
ទី៧-ដើម្បីធានាដល់ការផ្គត់ផ្គង់ និងសង្គតិភាពក្នុងការអនុវត្តវិធានការ និងផែនការរបស់អនុគណៈ កម្មការពាក់ព័ន្ធនានា និងគណៈកម្មការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ថ្នាក់រាជធានី-ខេត្ត ក៏ដូចជាដើម្បីត្រៀមលក្ខណៈ ឆ្លើយតបទៅនឹងការវិវត្តថ្មីនៃសភាពការណ៍នៃការឆ្លងរាលដាលនៃជំងឺកូវីដ-១៩, ប្រគល់ភារកិច្ចជូនអនុគណៈ កម្មការផ្គត់ផ្គង់និងហិរញ្ញវត្ថុ ដឹកនាំរៀបចំផែនការផ្គត់ផ្គង់ និងហិរញ្ញវត្ថុ សម្រាប់រយៈពេល ៦ ខែ ដោយត្រូវ សហការ និងពិគ្រោះយោបល់ឱ្យបានគ្រប់ជ្រុងជ្រោយជាមួយអនុគណៈកម្មការនានាដែលមានការពាក់ព័ន្ធ ជាពិសេស អនុគណៈកម្មការបច្ចេកទេសនិងព្យាបាល, អនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើចត្តាឡីស័ក និងអនុគណៈកម្មការឆ្លើយតបបន្ទាន់និងស្រាវជ្រាវរកបុគ្គលផ្ទុកមេរោគកូវីដ-១៩។
ទី៨-ដើម្បីជាវិធានការប្រុងប្រយ័ត្នបង្ការការចម្លងមេរោគកូវីដ-១៩ ជាយថាហេតុ ចូលក្នុងសហគមន៍ ពីសំណាក់កងកម្លាំងនៅជួរមុខ, អនុញ្ញាតឱ្យអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេស និងការធ្វើ ចត្តាឡីស័ក ធ្វើតេស្តរហ័សប្រចាំខែទៅលើកងកម្លាំងនៅតាមបណ្តាគោលដៅឈរជើងនៅមាត់ច្រកព្រំដែន។
ទី៩-អនុញ្ញាតឱ្យអនុគណៈកម្មការគ្រប់គ្រងច្រកទ្វារចេញ-ចូលប្រទេសនិងការធ្វើចត្តាឡីស័ក ធ្វើ តេស្តរហ័សទៅលើអ្នកដឹកជញ្ជូនទំនិញដែលត្រូវឆ្លងកាត់ព្រំដែនជារៀងរាល់ថ្ងៃ ដោយត្រូវអនុវត្តការធ្វើតេស្ត រហ័សនេះរៀងរាល់ ៧២ ម៉ោងម្តង។
សេចក្តីដូចបានជម្រាបជូនខាងលើ សូម លោក លោកស្រី មេត្តាពិនិត្យ និងចាត់ចែង
អនុវត្តឱ្យមានប្រសិទ្ធភាព តាមភារកិច្ចរៀងៗខ្លួន។ សូម លោក លោកស្រី មេត្តាទទួលនូវគារវកិច្ចពីខ្ញុំ៕
ដោយ, សុខ ខេមរា