ភ្នំពេញ៖ បើទោះបីជាវិបត្តិកូវីដ-១៩ បាននិងកំពុងរីករាលដាល និងបានគំរាមកំហែងមកលើកម្ពុជាយ៉ាងក៏ដោយ ប៉ុន្តែវិស័យសំណង់ លំនៅដ្ឋាននៅរាជធានីភ្នំពេញ មិនបានជាប់គាំងនោះទេ ពោលគឺ បានកម្រើកឡើងវិញ និងបានផ្តល់ការងារដល់កម្មករ និងជួយជំរុញកំណើនសេដ្ឋកិច្ចជាតិផងដែរ។
ជាក់ស្តែងនៅថ្ងៃទី៣០ មិថុនា ឆ្នាំ២០២១ លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញជាអធិបតិភាព ក្នុងពិធីបញ្ចុះបឋមសិលា បើកការដ្ឋានសាងសង់គម្រោងទី១២ បុរីវិមានភ្នំពេញ របស់ក្រុមហ៊ុន លី ហួរ ឌីវេឡុបម៉ិនវិមានភ្នំពេញជាមួយអ្នកឧកញ៉ា លី ហួរ ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន លី ហួរ ឌឺវិឡុបមិនវិមានភ្នំពេញនិងលោកស្រីផងដែរនៅតាមបណ្តាយផ្លូវ៥៩៨ ក្នុង សង្កាត់ ច្រាំងចំរេះទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ដែលបានផ្តល់ការងារដល់កម្មករពី១៥០០នាក់ទៅ២០០០នាក់ ។
ក្រៅពីផ្តល់ការងារដល់ប្រជាពលរដ្ឋនៅក្នុងអំឡុងពេលវិបត្តិកូវី-១៩ ក្រុមហ៊ុន លី ហួរ ឌឺវិឡុបមិនវិមានភ្នំពេញបានបើកគម្រោង ថ្មីនេះ ក៏បានចូលរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញមួយផ្នែក ដោយកែប្រែតំបន់ ដែលជាទីតាំងដីឡូតិ៍ទុកចោល មិនមានមនុស្សរស់នៅទៅជាសំណង់លំនៅឋានសម្រាប់ប្រជាពលរដ្ឋទិញស្នាក់នៅ និងប្រកបអាជីវកម្ម ធ្វើឲ្យតំបន់នោះក្លាយជាទី ប្រជុំជន មានមនុស្សអូរអរ និងមានហេដ្ឋារចនាសម្ព័ន្ធស្អាតជាដើម។
សូមបញ្ជាក់ថា ៖ចាប់តាំងពីឆ្នាំ២០១១ រហូតមកដល់បច្ចុប្បន្ន ក្រុមហ៊ុន លី ហួរ ឌីវឡបម៉ិន វិមានភ្នំពេញបង្កើតបានចំនួន១២ គម្រោងស្ថិតនៅទីតាំងផ្សេងៗគ្នា និងមានផែនការបង្កើតគម្រោងបន្តបន្ទាប់ ទៀតទៅថ្ងៃអនាគត៕
ដោយ៖ សំរិត