ភ្នំពេញ៖ ទីបំផុត! ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញលោក ទិត្យសុធី បូរ៉ាឆាត នៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១នេះ បានសម្រេចចេញដីកាបង្គាប់ឱ្យឃុំខ្លួនជនជាប់ចោទចំនួន៤នាក់ ពាក់ព័ន្ធករណីប្លន់ទ្រព្យសម្បត្តិប្រជាពលរដ្ឋ ក្នុងរាជធានីភ្នំពេញ។
សូមជម្រាបថា ជនត្រូវចោទទាំង៤នាក់នេះ បន្ទាប់ពីលោកព្រះរាជអាជ្ញារង វង្ស សាវ៉ាត បានចោទប្រកាន់ជនសង្ស័យទាំង៤នាក់ ពីបទ «លួចមានស្ថានទោស» រួចត្រូវបានលោក ទិត្យសុធី បូរ៉ាឆាត ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ឱ្យឃុំខ្លួនតែម្តង។
ជនជាប់ចោទចំនួន៤នាក់ រួមមាន៖ ទី១៖ ឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ, ទី២៖ ឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ; ទី៣៖ ឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ។ ចំណែកម្នាក់ទៀតកំពុងដេកពេទ្យដោយសារមានរបួសពេលត្រូវចាប់ខ្លួន ឱ្យយកទៅដាក់ពន្ធនាគារព្រៃសរ ដើម្បីរង់ចាំជំនុំជម្រះទោសនៅពេលក្រោយ។
គួររម្លឹកថា ករណីប្លន់ខាងលេីនេះ បានកើតឡើងកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៥ និង៣០នាទី កម្លាំងផ្នែកជំនាញបានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលទឹកល្អក់ទី៣ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ជាបន្តបន្ទាប់ពីបទលួចមានស្ថានទម្ងន់ទោស (ប្រើដែកគន្លាស់ និងកូនកាំបិតចុងស្រួចភ្ជង់ក របស់ជនរងគ្រោះរួចប្លន់យកលុយនិងទូរស័ព្ទដៃ ១គ្រឿង) ប្រព្រឹត្តនៅចំណុចមុខផ្ទះលេខ១៤ ផ្លូវលេខ២០២ ក្រុមទី៥ ភូមិ១ សង្កាត់ទឹកល្អក់ទី៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល០២៖៥០នាទីរំលងអាធ្រាត្រ។
ក្នុងកិច្ចប្រតិបត្តិការស្រាវជ្រាវបង្ក្រាបសមត្ថកិច្ច បានឃាត់ខ្លួនជនសង្ស័យខាងលើចំនួន ០៤ទីតាំងផ្សេងគ្នា ដោយស្រាវជ្រាវឃាត់ខ្លួនជាបន្តបន្ទាប់។
ជាក់ស្ដែងទី១៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា ភេទស្រី អាយុ២៣ឆ្នាំ បានឃាត់នៅចំណុចមុខសាលាបឋមសិក្សាបឹងសាឡាង ផ្លូវលេខ២៥៥ ក្រុមទី៩ ភូមិ៣ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១១៖០០នាទី។
-ទី២៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ គឹម សុផាន់រ៉ា ហៅ រ៉ា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវបេតុង សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១២៖០០នាទី។
-ទី៣៖ ឃាត់ខ្លួនជនសង្ស័យឈ្មោះ ដោក ចំរ៉ុង ហៅ រ៉ុង ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ នៅចំណុចលើដងផ្លូវលេខ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល ១៤៖០០នាទី ។
លុះមកដល់ថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ វេលាម៉ោងប្រហែល២១:២០នាទី សមត្ថកិច្ចបានស្រាវឃាត់ខ្លួនជនសង្ស័យទី៤៖ ឈ្មោះ ដា វុទ្ធី ហៅ ទួក ភេទប្រុស អាយុ២១ឆ្នាំ ឃាត់នៅចំណុចផ្លូវបេតុងភូមិទ្រា សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ។
ចំណែកជនរងគ្រោះមានឈ្មោះ ជឿន ស្រីពេជ្រ ភេទស្រី អាយុ១៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២១៤ ផ្លូវលេខ២ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ
ក្រោយឃាត់ខ្លួនវត្ថុតាងចាប់យកពីជនសង្ស័យរួមមាន៖ ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ពាក់ស្លាក លេខ ភ្នំពេញ 1IN-5793 ដែលមានលេខតួ និងលេខម៉ាស៊ីន: 82049165 ជាម៉ូតូរបស់ជនសង្ស័យជិះធ្វើសកម្មភាពនៅថ្ងៃកើតហេតុ (ចាប់យកពីឈ្មោះ ឧត្តម រដ្ឋធិកា ហៅ ស្រីកា)។
។
ដោយឡែកសម្ភារបាត់បង់រួមមាន៖ កាបូបស្ពាយមួយក្នុងកាបូបមានប្រាក់ដុល្លារចំនួន២០០ដុល្លារ និងទូរស័ព្ទដៃ០១គ្រឿងម៉ាក I phoneX ពណ៌ខ្មៅ០១គ្រឿង (ជាសម្ភាររបស់ជនរងគ្រោះដែលក្រុមជនសង្ស័យប្រើដែកគន្លាស់ និងកូនកាំបិតភ្ជង់ប្លន់យកទៅបាត់)។
គួរបញ្ជាក់ថា បច្ចុប្បន្នជនសង្ស័យឈ្មោះ ដាវុទ្ធី ហៅ ទួក រងរបួសបាក់ភ្លៅឆ្វេង ដោយសារលោតពីលើផ្ទះគេចខ្លួនពេលសមត្ថកិច្ចឡោមព័ទ្ធចាប់ កំពុងព្យាបាលរបួសនៅមន្ទីរលោកសង្ឃ៕ដោយ៖សហការី