ភ្នំពេញ ៖ មានក្មេងស្ទាវឈាមរាវម្នាក់ជិះម៉ូតូលឿនទៅទាក់ដៃកង់អាគុយដែលជិះដោយបុរសវ័យចំណាស់ម្នាក់បណ្ដាលឱ្យដួលទាំងសងខាង ហើយក្មេងដ៏ជម្លើយនោះបានទះកំផ្លៀងទៅលេីបុរសវ័យចំណាស់ដែលជិះកង់អាគុយ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងសមត្ថកិច្ចចុះមកជួយធ្វើអន្តរាគមន៍ កាលពីវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២១ តាមបណ្តោយផ្លូវបេតុងសាលាកសិកម្មចំការដូង នៅភូមិខ្វារ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ខាងលេីបានប្រាប់ឱ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសវ័យចំណាស់ម្នាក់បានជិះកង់អាគុយតាមបណ្ដោយផ្លូវបេតុងសាលាកសិកម្មចំការដូង ក្នុងទិសដៅពីកើតទៅលិច ខណៈមកដល់ចំណុចកើតហេតុក៏ស្រាប់តែមានក្មេងស្ទាវម្នាក់ជិះម៉ូតូម៉ាកស្គូពី ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 1lM -9559 មកពីក្រោយក្នុងល្បឿនលឿនបានទាក់ដៃកង់អាគុយបណ្ដាលឱ្យដួលទាំងសងខាង ពេលនោះក្មេងទំនើងរូបនេះមិនបានជួយលើកកង់អាគុយរបស់បុរសចំណាស់ខាងលេី និងមិនបានសុំទោសអ្វីនោះទេ គឺបានលើកម៉ូតូរបស់ខ្លួនជិះបន្តទៅមុខបានប្រហែលជាង៥០ម៉ែត្រស្រាប់តែក្មេងទំនើងរូបនោះបានជិះម៉ូតូត្រឡប់មកក្រោយវិញ និងបានស្ទុះទៅទះកំផ្លៀងបុរសវ័យចំណាស់ជាជនរងគ្រោះមួយដៃបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលលក់ដូរនៅក្បែរនោះ និងអ្នកធ្វើដំណើរតាមផ្លូវឈប់ចុះទៅជួយ និងបានរាយការណ៍ទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឲ្យជួយធ្វើអន្តរាគមន៍ ។
ពេលសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោចុះទៅដល់កន្លែងកើតហេតុក៏បានធ្វើការណែនាំទៅដល់ក្មេងទំនេីងរូបនោះដែរ តែក្មេងទំនើងរូបនេះមិនស្ដាប់ការណែនាំរបស់សមត្ថកិច្ចនោះទេ គឺថែមទាំងប្រកែកថាខ្លួនអ្នកត្រូវទៀតផង ។ ស្របពេលនោះដែរក៏មានស្ត្រីវ័យប្រហែលជា៤០ឆ្នាំម្នាក់បានចេញមកអះអាងថាខ្លួនត្រូវជាម្ដាយរបស់ក្មេងទំនើងរូបនោះហើយបានធ្វើការសុំទោសទៅលើក្រុមគ្រួសារបុរសវ័យចំណាស់ខាងលើនិងកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលដង្កោឲ្យជួយលេីកលែង ទោសកំហុសដល់ក្មេងជម្លើយនោះផង។
ជាចុងក្រោយ ដោយសារតែមានការអង្វរករពីស្ត្រីត្រូវជាម្ដាយ ទេីបក្រុមគ្រួសារបុរសវ័យចំណាស់ខាងលើបានឲ្យក្មេងទំនើងរូបនោះសុំទោសចំពោះមុខដើម្បីបញ្ចប់រឿងនៅកន្លែងកេីតហេតុតែម្ដង ៕
ដោយ ៖ ភារ៉ា ដង្កោ