- អន្តរជាតិ៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មាន Reuters នៅយប់ថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ បានដកស្រង់ចេញផ្សាយពីសម្តីលោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី បានប្រកាសនៅថ្ងៃពុធនេះដែរ ដោយចោទប្រកាន់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន ជុំវិញវត្តមាននាវាចម្បាំងពិឃាតរបស់អង់គ្លេស នៅឯនាយឆ្នេរសមុទ្រនៃតំបន់គ្រីមៀ ដែលទីក្រុងម៉ូស្គូបានបញ្ចូលជាទឹកដីរបស់ខ្លួន។
ទីភ្នាក់ងារសារព័ត៌មាន Reuters បាននិយាយបន្ថែមថា រដ្ឋាភិបាលរុស្សុី កាលពីសប្តាហ៍មុន បានអះអាងថា ខ្លួនបានបាញ់ព្រមាននាវាពិឃាតរបស់កងទ័ពជើងទឹកអង់គ្លេសមួយគ្រឿង នៅដែលនាវានោះបានឆ្លងកាត់ក្បែរឧបទ្វីបគ្រីមៀនៅសមុទ្រខ្មៅ នៅក្នុងអ្វីដែលទីក្រុងម៉ូស្គូបានហៅថា ជាការរំលោភលើដែនទឹករបស់ខ្លួន។
បេីតាមប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន បាននិយាយនៅក្នុងសន្ទរកថាប្រចាំឆ្នាំតាមទូរទស្សន៍នៅថ្ងៃពុធទី៣០មិថុនា យ៉ាងដូច្នេះថា៖ «វាជាការបង្កហេតុយ៉ាងច្បាស់…វាពិតជាស្មុគស្មាញ ខណៈដែល(នាវាពិឃាតនោះ) មិនត្រឹមតែត្រូវបានបញ្ជាដោយចក្រភពអង់គ្លេសប៉ុណ្ណោះទេ ប៉ុន្តែសហរដ្ឋអាមេរិកក៏ជាអ្នកនៅពីក្រោយរឿងនេះដែរ»។
បន្ថែមពីនេះ ជាភ័ស្តុតាងលោកប្រធានាធិបតីរុស្ស៊ី ក៏បានសង្កត់ធ្ងន់ថា៖ មុនពេលនាវាចក្រភពអង់គ្លេសចូលក្នុងដែនទឹករបស់ខ្លួនកាលពីសប្តាហ៍មុននោះ គឺយន្តហោះឈ្លបយកការណ៍យុទ្ធសាស្ត្ររបស់អាមេរិក បានហោះចេញពីដែនអាកាសយោធារបស់អង្គការសន្ធិសញ្ញាអាត្លង់ទិចខាងជើង (NATO) នៅក្នុងប្រទេសក្រិក។ ប៉ុន្តែទោះជាយ៉ាងណា លោក ពូទីន មិនបានផ្តល់ព័ត៌មានលម្អិតជុំវិញបញ្ហានេះទេ៕ដោយ៖សហការី