ភ្នំពេញ ៖ បុរសម្នាក់បានបើកបររថយន្តកូរ៉េឃ្លុបមួយគ្រឿងហើយរវល់តែនិយាយទូរស័ព្ទអកហ្សឺជាន់ហ្វ្រ័ងមិនទាន់ជ្រុលទៅបុកនិងកិនម៉ូតូមួយគ្រឿង បណ្ដាលឲ្យនារីម្នាក់រងរបួស កាលពីវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០២១ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងសង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញនារីម្នាក់បើកបរម៉ូតូមួយគ្រឿងម៉ាក Honda zoomer.x ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ តាកែវ 1S-7586 តាមបណ្ដោយផ្លូវលេខ៣៧១ ក្នុងទិសដៅពីលិចទៅកើតដោយប្រើល្បឿនយឺតល្មម ខណៈមកដល់ត្រង់ចំណុចកើតហេតុខាងលើបានបត់ទៅស្តាំដៃក៏ស្រាប់តែមានបុរសម្នាក់បើកបររថយន្តកូរ៉េឃ្លុបមួយគ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3C-3604 ធ្វើដំណើរតាមបណ្ដោយផ្លូវលេខ៣៧១ មានទិសដៅពីលិចទៅកើតស្របទិសគ្នាក្នុងល្បឿនយឺតល្មម និងរវល់និយាយទូរស័ព្ទអកហ្សឺជាន់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកនិងកិនម៉ូតូបណ្ដាលឱ្យអ្នកបើកម៉ូតូរងរបួសស្រាល ចំណែកម៉ូតូនិងរថយន្តកូរ៉េឃ្លុបរងការខូចខាតបន្តិចបន្តួចប៉ុណ្ណោះហើយភ្លាមៗនោះ តៃកុងរថយន្តបង្កបានរត់គេចខ្លួនដោយបន្សល់ទុករថយន្តបង្ក និងម៉ូតូរងគ្រោះនៅនឹងកន្លែងកើតហេតុតែម្តង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ រួចធ្វើការវាស់វែងបាញ់ថ្នាំយករថយន្តបង្ក និងម៉ូតូរងគ្រោះទៅដាក់អែបកៀនសិន ។ បន្ទាប់មកខាងម្ចាស់រថយន្តបង្កបានចេញមកចរចាហើយយល់ព្រមសងសំណងទៅខាងភាគីម្ចាស់ម៉ូតូរងគ្រោះដោយចេញថ្លៃថ្នាំពេទ្យ និងបានយកម៉ូតូយកទៅជួសជុលឲ្យដូចដើមវិញ ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុតែម្តង៕
ដោយ ៖ ភារ៉ា ដង្កោ