ខេត្តស្វាយរៀង៖ ពិតជាមិនធម្មតាឡើយ!នេះជាករណីទី១៨ដែលក្រុមគ្រូពេទ្យខេត្តស្វាយរៀងបន្តវះកាត់ជួយសម្រាលកូនដល់ស្ត្រីខ្មែរម្នាក់កំពុងធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺកូវីដទទួលបានជោគជ័យ។
យោងតាមអាក់ខោនហ្វេសប៊ុករបស់មន្ទីរពេទ្យបង្អែកខេត្តស្វាយរៀងបានបង្ហោះឱ្យដឹងថា កាលពីថ្ងៃព្រហស្បតិ៍ ៧រោច ខែបឋមសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនិឹងថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង៤រសៀល ក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យខេត្តស្វាយរៀងបានវះកាត់យកកូនជូនស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលបញ្ជូនមកពីមន្ទីរពេទ្យបង្អែកស្វាយជ្រំ (វិជ្ជមានកូវីដ-១៩)ទទួលបានជោគជ័យ។
ប្រភពបញ្ជាក់ទៀតថា ស្រ្ដីជាជនជាតិខ្មែរម្នាក់ដែលក្រុមគ្រូពេទ្យវះកាត់យកកូនទទួលបានជោគជ័យនោះមានអាសយដ្ឋាននៅភូមិព្រៃតាញ៉យ ឃុំខ្សែត្រ ស្រុកកំពង់រោទ៍ ខេត្តស្វាយរៀង ដែលកំពុងធ្វើចត្តាឡឺស័កនិងព្យាបាលជំងឺ កូវីដ-១៩ ដោយទទួលបានកូនប្រុសម្នាក់
ទម្ងន់៣.៨គីឡូក្រាម។
ជាមួយគ្នានោះក្រុមគ្រូពេទ្យបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋសូមប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ និង ៣ការពារ ទាំងអស់គ្នា។
ក្នុងឱកាសនោះស្ត្រីដែលទើបសម្រាលបានកូនប្រុសម្នាក់នេះមានចិត្តសប្បាយរីករាយយ៉ាងខ្លាំងនិងបានថ្លែងអំណរគុណចំពោះក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកខេត្តដែលបានខិតខំប្រឹងប្រែងអស់ពីកម្លាំងកាយចិត្តក្នុងការជួយសម្រាលកូនឱ្យរូបនាងរហូតទទួលបានជោគជ័យនៅពេលនេះនិងសូមជូនពុទ្ធពរទាំង៤ប្រការកុំបីឃ្លៀងឃ្លាតឡើយ៕
ដោយ៖ យឹម សុថាន