តាមរបាយការណ៍នៅថ្ងៃទី១ខែកក្កដានេះរបស់ក្រសួងសុខាភិបាល ទូទាំងប្រទេសកម្ពុជាបានរកឃើញករណីឆ្លងកូវីដ-១៩ សរុប ៩៩៩នាក់ ខណៈមានអ្នកជាសះស្បើយ៧១៥នាក់ និងមានអ្នកស្លាប់ថ្មី២៦នាក់។
ចំណែកនៅប្រទេសជិតខាងកម្ពុជា គឺវៀតណាមនិងថៃ ក៏មានករណីឆ្លងកើនឡើងខ្ពស់ផងដែរ ។ ក្រសួងសុខាភិបាលវៀតណាមបានប្រកាសថា គិតត្រឹមយប់ថ្ងៃទី ១ខែកក្កដា វៀតណាមមានករណីឆ្លងកូវីដ-១៩ សរុប២៦៤នាក់ គឺទាបជាងថ្ងៃទី៣០ខែមិថុនា ។ ក្នុងចំណោមអ្នកឆ្លងថ្មីមានអ្នកដំណើរ១៨នាក់ដែលបានរកឃើញពេលចូលដល់ទឹកដីវៀតណាម ។ ជាមួយគ្នានេះដែរក៏មានអ្នកជំងឺ ៤០៧នាក់ជាសះស្បើយផងដែរ ។
ជាកស្តែងនៅទីក្រុង ហូជីមិញ មានករណីឆ្លងច្រើនជាងគេ ដោយមានដល់ទៅ១៥២នាក់ ខេត្តប៊ិញយឿង ៤២នាក់ ខេត្តទៀងយ៉ាង២២នាក់ ខេត្តក្វាងង៉ាយ៩នាក់ ខេត្តភូអៀង ៨នាក់ ខេត្តអាងយ៉ាង៥នាក់ ទីក្រុងដាណាំង៣នាក់ ខេត្តហាទិញ២នាក់ ខេត្តបាក់និញ២នាក់ បាក់យ៉ាងម្នាក់ ។ ក្នុងចំណោមអ្នកឆ្លងមាន ១៨៩នាក់រកឃើញនៅលើអ្នកធ្វើចត្តាឡីស័ក និងតំបន់បិទខ្ទប់។
ដោយឡែកនៅក្នុងប្រទេសថៃវិញ គឺមានអ្នកឆ្លងនិងស្លាប់កើនឡើងខ្ពស់ផងដែរ បើទោះបីប្រទេសនេះបានបើកទ្វារទេសចរណ៍នៅទីក្រុងភូកេតយ៉ាងណាក្តី។ មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ (CCSA) នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានរាយការណ៍ពីការរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៥,៥៣៣ករណីបន្ថែមទៀត នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់ថា ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៥,៤០៦ករណី ត្រូវបានរកឃើញនៅលើប្រជាជនទូទៅ ខណៈ ១២៧ករណីទៀតត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។
មជ្ឈមណ្ឌល CCSA បានគូសបញ្ជាក់ប្រាប់បន្ថែមថា ក្រៅពីការរកឃើញករណីឆ្លងថ្មីៗខាងលើនេះ អ្នកជំងឺចំនួន ៥៧នាក់បន្ថែមទៀត ក៏ត្រូវបានរាយការណ៍ថាបានស្លាប់ផងដែរ នៅក្នុងរយៈពេល ២៤ម៉ោងចុងក្រោយដូចគ្នា ហើយអ្នកជំងឺចំនួន ៣,២២៣នាក់ ទើបតែត្រូវបានអនុញ្ញាតឱ្យចាកចេញពីមន្ទីរពេទ្យ ក្រោយជាសះស្បើយ៕ដោយ៖ធីរីណា
ទីផ្សារលក់ដុំកសិកម្មហុកមនគឺជាបណ្តាញចំលងមេរោគដ៏សំខាន់មួយរបស់ទីក្រុងហូជីមិញ