អន្តរជាតិ៖ បើតាមទីភ្នាក់ងារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ បានដកស្រង់ចេញផ្សាយពីទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើង នៅក្នុងប្រទេសហ្វីលីពីន បានដំឡើងកម្រិតប្រកាសភាពអាសន្ននៃការផ្ទុះភ្នំភ្លើងមួយ ស្ថិតនៅក្បែររដ្ឋធានីម៉ានីល នៅថ្ងៃព្រហស្បតិ៍នេះ។ បន្ទាប់ពីភ្នំភ្លើងនេះបានបញ្ចេញផេះ និងផ្សែងទៅលើអាកាសកម្ពស់១គីឡូម៉ែត្រ។
ជាក់ស្ដែងទីភ្នាក់ងារឃ្លាំមើលសកម្មភាពភ្នំភ្លើងរបស់ប្រទេសហ្វីលីពីន បានដំឡើងកម្រិតប្រកាសអាសន្នពីលេខ២ ដល់លេខ៣ សម្រាប់ភ្នំភ្លើង Taal ដែលស្ថិតនៅចម្ងាយ ៧០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីម៉ានីល។ ព្រមពេលជាមួយអាជ្ញាធរហ្វីលីពីន ក៏បានចេញបញ្ជាឱ្យជម្លៀសប្រជាជនក្បែរតំបន់ភ្នំភ្លើង Taal ទៅកាន់ កន្លែងមានសុវត្ថិភាពផងដែរ។
គួរបញ្ជាក់ថា កាលពីឆ្នាំ១៩១១ នៅក្នុងប្រទេសហ្វីលីពីន ការផ្ទុះភ្នំភ្លើង Taal បានផ្ដាច់ជីវិតមនុស្សច្រើនជាង ១,៣០០នាក់ ហើយកាលពីខែមករា ឆ្នាំ២០២០ ភ្នំភ្លើងមួយនេះក៏ធ្លាប់បញ្ចេញសកម្មភាពផងដែរ ដោយនៅកាលណោះបង្ខំឱ្យមនុស្សច្រើនជាង ១០០,០០០នាក់ ត្រូវជម្លៀសខ្លួនចេញពីផ្ទះសម្បែង ទៅរកទីទួលមានសុវត្ថិភាព៕ដោយ៖ស តារា