ភ្នំពេញ, បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការពារជាតិកម្ពុជា បានបញ្ជាក់ថា, រាជរដ្ឋាភិបាលកម្ពុជា ប្រកាសរ៉ាប់រងបង់ថ្លៃសិក្សា បន្តសម្រាប់និស្សិតកម្ពុជា ០៦រូប ដែលកំពុងសិក្សានៅបណ្ឌិត្យសភា យោធាអាមេរិក បន្ទាប់ពីរដ្ឋាភិបាលអាមេរិកសម្រេចកាត់ផ្ដាច់អាហារូបករណ៍។
អ្នកនាំពាក្យក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនដំណឹង ដល់មតិជាតិ និងអន្តរជាតិ ឲ្យបានជ្រាបថា យោងតាមការសម្រេចជាឯកតោភាគីរបស់សហ រដ្ឋអាមេរិក បញ្ឈប់ការបង់ថ្លៃសិក្សាសម្រាប់សិស្សបណ្ឌិតសភាយោធាកម្ពុជាដែលកំពុង សិក្សានៅសហរដ្ឋអាមេរិក ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជាសូមបញ្ជាក់នូវ ចំណាត់ការបន្ទាន់ និងចាំបាច់ ពាក់ព័ន្ធនឹងការសិក្សារបស់សិស្សបណ្ឌិតសភាយោធាកម្ពុជា ចំនួន៦រូប ដែលកំពុងសិក្សានៅតាមបណ្តាសាលាបណ្ឌិតសភាយោធារបស់សហរដ្ឋអាមេរិក ដូចតទៅ៖
ដោយមើលឃើញអំពីការលំបាក របស់សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំងអស់ ដែលបណ្តាលមកពីការបញ្ឈប់នូវកាតព្វកិច្ចនៃការបង់ថ្លៃសិក្សាពីសំណាក់ ភាគីអាមេរិក និង នៅក្នុងស្មារតីទទួលខុសត្រូវចំពោះអនាគត និងផលប្រយោជន៍របស់សិស្សបណ្ឌិតសភា យោធាកម្ពុជា រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជានឹងទទួលបន្តបង់ថ្លៃសិក្សាសម្រាប់ សិស្សបណ្ឌិតសភាយោធាកម្ពុជាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន ជាស្ថាពរ។ ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា នឹងទំនាក់ទំនងជាមួយស្ថាប័នពាក់ព័ន្ធរបស់ សហរដ្ឋអាមេរិក នៅក្នុងចំណាត់ការនេះ៕
ដោយ, សិលា