ភ្នំពេញ÷សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ បានមានប្រសាសន៍ ប្រាប់ទៅកាន់ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំកម្ពុជាលោក វូ គ័ងមិញ (Vu Quang Minh) ថា ក្នុងកាលៈទេសៈនេះ អ្វីដែលគប្បីត្រូវធ្វើ គឺទី១.រួមគ្នាគ្រប់គ្រងប្រយុទ្ធប្រឆាំងនឹងកូវីដ១៩ តាមរយៈវិធានសុខាភិបាល តែធ្វើយ៉ាងណា កុំរារាំងដំណើរការពាណិជ្ជកម្មធម្មតា, ទី២. បន្តជំរុញកិច្ចសហប្រតិបត្តិការ លើវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្ម និងវិនិយោគ, ទី៣. ពិនិត្យមើលវិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចជំរុញធ្វើការរួមគ្នាបាន។
ការលើកឡើងរបស់សម្តេចតេជោ បានធ្វើឡើង នៅក្នុងឱកាសអនុញ្ញាត ឲ្យលោកឯកអគ្គរដ្ឋទូត ចូលជួបជម្រាបលានៅវិមានសន្តិភាព ក្នុងឱកាសដែល ឯកឧត្តមឯកអគ្គរដ្ឋទូត បានបញ្ចប់អាណត្តិការទូតនៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូតវៀតណាមបានជម្រាបជូនសម្ដេចតេជោថា លោកពិតជាមានកិត្តិយសណាស់ ដែលបានមកបំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ក្នុងរយៈពេល៣ឆ្នាំ៧ខែកន្លងមក។ លោកសង្កេតឃើញថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរឹងមាំនិងមានការរីកចម្រើន។ ដោយឡែកវិស័យវិនិយោគ ពាណិជ្ជកម្ម ក៏មានការកើនឡើងផងដែរ។
លោកឯកអគ្គរដ្ឋទូតបានមានប្រសាសន៍ថា នេះគឺជាភាពជោគជ័យ ដែលភាពជោគជ័យនេះ គឺជាសុភមង្គលរបស់អ្នកការទូត។ ឆ្លៀតក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូតបានគោរពថ្លែងអំណរគុណ ជូនចំពោះសម្តេចតេជោ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ក៏ដូចជាប្រជាជនកម្ពុជាទាំងមូលផងដែរ ដែលបានចូលរួមចំណែកជួយសហការជាមួយលោក ធ្វើឲ្យបេសកម្មកាទូតលោកនៅកម្ពុជា បានទទួលជោគជ័យ។
សម្តេចតេជោ បានយល់ស្របជាមួយអ្វី ដែល លោកឯកអគ្គរដ្ឋទូតបានលើកឡើង ហើយបានថ្លែងអំណរគុណជូន ចំពោះលោកទូត ដែលបានប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ មានការរីកចំរើន និងកាន់តែរឹងមាំ៕
ដោយ៖ សូរិយា