ភ្នំពេញ, សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល អញ្ជើញនាំយក ព្រះរាជទាន ព្រះរាជអំណោយរបស់សម្តេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់។
ពិធីនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃសៅរ៍ ៩រោច ខែបឋមាសាឍ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គា គង់ សំអុល បានអញ្ជើញនាំយក ព្រះរាជទាន ព្រះរាជអំណោយរបស់សម្តេចព្រះមរបនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចែកជូនដល់ក្រុមសិល្បករ ជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ នៅទីស្តីការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
ក្នុងឱកាសដ៏ឧត្តុង្គឧត្តមវិសេសថ្លៃថ្លានេះ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានសម្តែងនូវអំណរព្រះគុណយ៉ាងជ្រាលជ្រៅ ថ្វាយព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ដែលព្រះអង្គសព្វព្រះរាជហឬទ័យ ប្រោសប្រទាន ព្រះរាជអំណោយដ៏ថ្លៃថ្លាចំពោះក្រុមសិល្បករជាជនពិការ សិល្បករបុរាណ និងប្រពៃណីផ្នែកភ្លេង ចម្រៀង របាំ ល្ខោន ចាប៉ីដងវែង ចំនួន២០២នាក់ ។ ក្នុងនាមថ្នាក់នាំក្រសួង លោកស្រីបណ្ឌិតសភាចារ្យ សូមលំអោនកាយក្រាបថ្វាយព្រះរាជសព្ទសាធុការពរ បវរមហាប្រសើរថ្វាយ ព្រះករុណា ជាអម្ចាស់ ជីវិតតម្កល់លើត្បូង ជាទីគោរពដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គប្រកបដោយព្រះបរមសុខ ព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងមានព្រះជន្មយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាត់ត្រជុំសម្រាប់កូនចៅទូទាំងប្រទេស តរៀងទៅ។
ព្រះរាជអំណោយក្នុងឱកាសនោះរួមមាន អង្គរ ៥០គីឡូក្រាម ឃីត ១កញ្ចប់ (មុង ១ ក្រមា ១ ភួយ១ សារ៉ុង១) ម៉ាស ១ដុំ មី ១កេស ត្រីខ ១០កំប៉ុង និងអាវយឺត មានស្លាកព្រះរាជអំណោយ ព្រមទាំងថវិកា ៥០០,០០០៛ ៕