ក្រុមខ្លាំងអុីតាលីបានយកឈ្នះក្រុមខ្លាំងបែលហ្ស៊ិកក្នុងលទ្ធផល២ទល់១ ក្នុងវគ្គ៨ក្រុមចុងក្រោយឡើងប៉ះអេស្ប៉ាញក្នុងវគ្គ៤ក្រុមចុងក្រោយ ក្នុងការប្រកួតកាលពីរាត្រីថ្ងៃទី២ កក្កដាម្សិលមិញនេះ។ ចំណែកក្រុមខ្លាំងអេស្ប៉ាញបានយកឈ្នះក្រុមស្វ៊ីសក្នុងបាល់កាត់សេចក្តីប៉េណាល់ទី៣ទល់១ ក្រោយពីការប្រកួតស្មើគ្នា១ទល់១។
យោងតាមការចេញផ្សាយរបស់ BBC Sport និង soccerway បានឲ្យដឹងថាការប្រកួរវាងក្រុមអុីតាលីនិងបែលហ្ស៊ិកគឺមានភាពជក់ចិត្តដោយក្រុមទាំង២សម្រុកគ្នាទៅវិញទៅមក ប៉ុន្តែអុីតាលីមានឱកាសរកគ្រាប់បាល់នាំមុខមុននៅនាទីទី៣១ ដោយកីឡាករ Barella ។ ចូលដល់នាទីទី៤៤ ជិតចប់ការប្រកួតតង់ទី១ទៅហើយកីឡាករ Insigne របស់អុីតាលីរកបាន១គ្រាប់បន្ថែមទៀត ប៉ុន្តែនៅនាទីទី៤៥+២ ក្នុងម៉ោងបន្ថែមតង់ទី១ កីឡាករអុីតាលីបានធ្វើឲ្យមានកំហុសនៅតំបន់គ្រោះថ្នាក់ ធ្វើឲ្យអាជ្ញាកណ្តាលសម្រេចផ្តល់បាល់ប៉េណាល់ទីដែលស៊ុតដោយខ្សែប្រយុទ្ធ Lukaku ។
ចប់ការប្រកួតក្នុងតង់ទី១ អុីតាលីនាំមុខបែលហ្ស៊ិក២ទល់១ ហើយលទ្ធផលនេះបានបន្តរហូតដល់ចប់ការប្រកួត។ ចំណែកក្រុមអេស្ប៉ាញបានយកឈ្នះក្រុមស៊្វីសក្នុងបាល់ប៉េណាល់ទី៣ទល់១ ក្រោយពីប្រកួតស្មើគ្នា១ទល់១ ដែល១គ្រាប់របស់អេស្ប៉ាញគឺជាគ្រាប់បាល់ភ្លាត់ស្នៀតស៊ុតចូលទីខ្លួនឯងនៅនាទីទី៨ ដោយកីឡាករស៊្វីស Zakaria ហើយ១គ្រាប់របស់ស្វ៊ីសរកបានដោយកីឡាករ Shaqiri នៅនាទីទី៦៨។
លទ្ធផលនេះធ្វើឲ្យអេស្ប៉ាញឡើងទៅជួបក្រុមខ្លាំងអុីតាលីក្នុងវគ្គ៤ក្រុមចុងក្រោយ ឬវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ដែលអុីតាលីគឺជាក្រុមដំបូងគេដែលក្នុងព្រឹត្តិការណ៍យូរ៉ូនេះមិនដែលស្គាល់រសជាតិចាញ់ម្តងណាឡើយរហូតដល់វគ្គនេះ។ អេស្ប៉ាញនឹងប៉ះអុីតាលីនៅថ្ងៃទី៧ ខែកក្កដាខាងមុខនេះ នៅវេលាម៉ោង២រំលងអធ្រាត្រម៉ោងនៅកម្ពុជា ដើម្បីស្វែងរកជើងខ្លាំងឡើងទៅវគ្គផ្តាច់ព្រ័ត្រនៅថ្ងៃទី១១ កក្កដា ៕ដោយ៖ ភារៈ