ខេត្តកំពង់ចាម៖ លំនៅឋានផ្ទះប្រជាពលរដ្ឋប្រមាណជាង ៧០ខ្នង ស្ថិតនៅក្រុងកំពង់ចាម ដែលសមាជិកក្នុងគ្រួសារ សរុបប្រមាណ ៣០០នាក់ ត្រូវបានអាជ្ញាធរខេត្ត សម្រេចបិទខ្ទប់ជាបណ្ដោះអាសន្ន ដើម្បីយកសំណាករបស់ពួកគាត់ បន្ទាប់ពីពិនិត្យរកឃេីញថា ប្រជាពលរដ្ឋមួយចំនួន មានវិជ្ជមានជំងឺកូវីដ-១៩។
បេីតាមអភិបាលខេត្តកំពង់ចាម លោក អ៊ុន ចាន់ដា បានថ្លែងនៅព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោកដឹកនាំមន្រ្តីក្រោមឱវាទចុះជួបសំណេះសំណាល និងចែកអំណោយជូនដល់ប្រជាពលរដ្ឋ មានជីវភាពខ្វះខាត ក្នុងអំឡុងពេល ការឆ្លងរាលដាលជំងឺកូវីដ-១៩ ចំនួន ១៦៦គ្រួសារ នៅសួនគ្រញូងនគរបាជ័យ សង្កាត់សំបួរមាស ក្រុងកំពង់ចាម។
លោក អ៊ុន ចាន់ដា បានថ្លែងបន្តថា ចំពោះការបិទខ្ទប់ផ្ទះប្រជាពលរដ្ឋខាងលេីនេះ ធ្វើឡើងតែមួយផ្នែកក្នុងតំបន់នៃភូមិតាណេង សង្កាត់សំបួរមាសនេះតែម្តង គឺដើម្បីវាយតម្លៃសិក្សា ស្រាវជ្រាវឈានដល់ការដាក់ចេញ វិធានការចាំបាច់មួយចំនួនទៀត។
បន្ថែមពីនេះ លោកអភិបាលខេត្ត សូមអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើនការប្រុងប្រយ័ត្នខ្ពស់ គឺសំខាន់ទប់ស្កាត់ ឱ្យបាន ដើម្បីកុំឱ្យជំងឺនេះ (កូវីដ ១៩) វាឆ្លងរាលដាល ក្នុងសហគមន៍។ ដោយសូមឱ្យ ប្រជាពលរដ្ឋទាំងអស់គ្នាទៅទទួល យកការចាក់វ៉ាក់សាំងបង្ការ តាមការកំណត់ និងរៀបចំរបស់អាជ្ញាធរ។
គួរបញ្ជាក់ថា ខេត្តកំពង់ចាម មានស្រុក-ក្រុងសរុបចំនួន ១០គឺមានប្រជាពលរដ្ឋ ត្រូវទៅទទួលការចាក់វ៉ាក់សាំងបង្ការ ជំងឺកូវីដ ១៩ ចំនួនប្រមាណ ៧៥ ម៉ឺននាក់។ ក្នុងនោះរដ្ឋបាលខេត្តកំពង់ចាម ដែលមានលោក អ៊ុន ចាន់ដា ជាអភិបាលនៃគណៈ អភិបាលខេត្ត បានស្នើសុំវ៉ាក់សាំងនេះ ពីសម្តេចតេជោ ហ៊ុន សែនហើយសម្តេច បានផ្តល់ជូន ប្រជាពលរដ្ឋខេត្តនេះ ជាអាទិភាពចំនួនបួន ស្រុក និងក្រុងកំពង់ចាម ដែលបានបើកយុទ្ធនាការ ចាក់ជាទ្រង់ទ្រាយធំ កាលពីថ្ងៃទី ២៩ មិថុនាកន្លងមកនេះ។
ដោយឡែកប្រជាពលរដ្ឋចំនួន ៥ស្រុកផ្សេងទៀត ក្នុងពេលឆាប់ៗខាងមុខនេះ នឹងទទួលបានវ៉ាក់សាំងជាបន្តបន្ទាប់ផងដែរ៕ដោយ៖សហការី