ភ្នំពេញ៖ តាមរយៈកិច្ចប្រជុំស្តីពីផែនការត្រួតពិនិត្យការផ្តល់ការព្យាបាលអ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈVideo Conference នារសៀលថ្ងៃទី៣កក្កដា ឆ្នាំ២០២១នេះនៅសាលារាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានថ្លែងថា៖ ការព្យាបាលតាមផ្ទះជាជំរើសដ៏ល្អសំរាប់អ្នកបានចាក់ វ៉ាក់សាំង២ដូសរួច ហើយ ហើយនៅមានការឆ្លងទៀត។
លោកបន្តថា៖ ការរៀបចំឱ្យមានការព្យាបាល អ្នកជំងឺកូវីដ-១៩តាមផ្ទះស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ហើយការងារនេះរាជធានីភ្នំពេញបានឈានមួយជំហ៊ានទៅមុខរួចហើយដែលមកដល់ពេលនេះមានអ្នកជំងឺជាង៣០០ នាក់កំពុងសំរាកព្យាបាលនៅតាមផ្ទះ។ លោកអភិបាលបន្តថា៖យើង នឹងពិភាក្សាលំអិតថែមទៀតទៅលើយន្តការ ដែលត្រូវរៀបចំឲ្យបានល្អធានាដល់ការផ្តល់សេវា សុខាភិបាលដល់បងប្អូនប្រជាពលរដ្ឋតាមតម្រូវការជាក់ស្តែង ។
ជាមួយគ្នានេះ លោកអភិបាលរាជធានីក៏បានស្នើរឲ្យ អាជ្ញាធរខណ្ឌទាំង១៤ត្រូវផ្តល់កិច្ចសហការជាមួយមន្ត្រីសុខាភិបាល និងក្រុម គ្រូពេទ្យស្ម័គ្រចិត្តTYDA ដើម្បីផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋពីភាពចាំបាច់ ក្នុង
ការសំរាកព្យាបាលនៅតាមផ្ទះ។ខណ្ឌនិមួយៗត្រូវបង្កើតឲ្យមានទីបញ្ជាការស្រាល១កន្លែងក្នុងមួយខណ្ឌដើម្បីប្រចាំបញ្ជាអន្តរាគមន៍ជួយប្រជាពលរដ្ឋដែល ត្រូវការឲ្យជួយដែលញាំញីដោយជំងឺកូវីដ-១៩ទាន់ពេលវេលានិងដោយការទទួលខុសត្រូវក្នុងដែនសមត្ថកិច្ចខ្លួនគ្រប់គ្រង។
លោក ឃួង ស្រេង បានសន្និដ្ឋានថា យើងឃើញមានការឆ្លងច្រើនក្នុងរយៈពេល២ សប្តាហ៍ចុងក្រោយនេះមែនតែមនុស្ស ដែល ឆ្លងនោះនៅមានកំលាំងមាំមួន។ នោះយើងអាចយល់បានថា មកពីការចាក់វ៉ាងទាំង២ដូសនោះកំពុងមានប្រសិទ្ធភាព ហើយការព្យាបាលនៅតាមផ្ទះគឺកាន់តែចាំបាច់និងមានប្រសិទ្ធភាពថែមទៀត។ជាមួយគ្នានេះយើងនឹងពន្យល់អប់រំដល់ប្រជាពលរដ្ឋពីសារសំខាន់នៃការព្យាបាលអ្នកផ្ទុកជំងឺកូវីដ-១៩ នៅតាមផ្ទះតាមរយៈការធ្វើសន្និសិទសារ
ព័ត៌មានឲ្យមានការយល់ដឹងជាសាធារណៈ ជាមួយ នឹងការជូនដំណឹងដល់ប្រជាពលរដ្ឋឱ្យចូលរួមជាមួយអាជ្ញាធរ។
ពាក់ព័ន្ធនឹងការបន្តរិតបន្តឹងការគ្រប់គ្រងការជួបជុំមានដូចជាបៀហ្គាឌិន,ទីតាំងម៉ាស្សា KTVជាដើមលោកថា៖គឺមិនត្រូវបន្ធូដៃឡើយ និយាយឲ្យស្រួលស្តាប់ គឺមុខរបរណាដែលមានការហាមឃាត់កន្លងមក គឺត្រូវតែរិតបន្តឹងឱ្យខ្លាំងកុំចាំបាច់មេក្រុងស្រែកបានអស់លោកធ្វើនោះ៕
ដោយ៖ សំរិត