ខេត្តស្វាយរៀង៖ ក្នុងរយ:ពេលមួយថ្ងៃមានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងបណ្ដាលអោយមនុស្សស្លាប់ម្នាក់និងរបួស៣នាក់រវាងកង់និងម៉ូតូនិងរថយន្តបុកជាមួយម៉ូតូ២គ្រឿងនៅស្រុករំដួលនិងក្រុងបាវិត។
យោងតាមសមត្ថកិច្ចនគរបាលបានអោយដឹងថាករណីទី១បានកើតឡើង
វេលាម៉ោង៤និង២០នាទីរសៀល ថ្ងៃទី០៣ ខែ កក្កដា ឆ្នាំ ២០២១ នៅចំណុចលើផ្លូវជាតិលេខ ១៣ ស្ថិតក្នុងភូមិត្រពាំងគ្រួស ឃុំ ជ្រុងពពេល ស្រុករំដួល មានឈ្មោះ គ្រឿន សុគា ភេទប្រុស អាយុ ២៥ឆ្នាំ រស់នៅ ភូមិត្រសក់ ឃុំកំពង់អំពិល ស្រុករំដួល ខេត្តស្វាយរៀង បានជិះ ម៉ូតូមួយគ្រឿងម៉ាក ហុងដាសេ ១២៥ ស៊េរីឆ្នាំ ២០១៩ ពណ៌ខ្មៅ ស្លាកលេខ ស្វាយរៀង១N៤៩៤៤ក្នុងទុសដៅពីជើងមកត្បូងក៏បុកស្ត្រីឈ្មោះ ហៀង ស្រីដា ភេទស្រី អាយុ ១០ ឆ្នាំ រស់នៅ ភូមិ ត្រពាំងក្រែត ឃុំជ្រុងពពេល ស្រុករំដួល ខេត្តស្វាយរៀង ដែលកំពុងជិះកង់ស្របទិសគ្នាហើយបានបត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្នពេញទំងឹងបង្កការភ្ញាក់ផ្អើលតែម្ដង។
ករណីទី២បានកើតឡើងកាលពីវេលាម៉ោង៤និង៣០ នាទី រសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ ២០២១នៅលើផ្លូវជាតិលេខ៣១ ៦(A)ចន្លោះគីឡូម៉ែត្រលេខ០១-០២ ស្ថិតនៅក្នុងភូមិកំពោតលៀប សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង មានរថយន្តមួយគ្រឿងម៉ាកហាយលិនឌ័រ ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ ២AN-៣៨១៤ ធ្វើដំណើរពីកើតទៅលិច អ្នកបើកបរឈ្មោះយស់ បូសុវណ្ណាណែល ភេទប្រុសអាយុ ៣៣ឆ្នាំជនជាតិខ្មែរ មុខរបរទិញនិងលក់រថយន្ត មានទីលំនៅភូមិធ្លក ឃុំក្រោលគោ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង បានបុកប៉ះម៉ូតូមួយ គ្រឿងកំពុងធ្វើដំណើរស្របគ្នាពីទិសខាងកើតទៅលិច ម៉ូតូម៉ាក ស្មាករេវូព៌ណ ខ្មៅពាក់ស្លាកវៀតណាម៧០L១-២៩៩៥ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណបណ្តាលឲ្យស្លាប់។
ប្រភពបន្តថាក្រោយមករថយន្តខាងលើបានរេចង្កូតមកបុកប៉ះនិងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា(HONDA)C-125ពណ៌ខ្មៅ ពាក់ស្លាកលេខ ស្វាយរៀង 1H,6669 ធ្វើដំណើរពីលិចទៅកើត បើកបរដោយឈ្មោះ ស្រេង ស្រីវីន ភេទស្រីអាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ មានទីលំនៅភូមិចំការលាវ ឃុំព្រៃគគីរ ស្រុកចន្រ្ទាខេត្តស្វាយរៀង បណ្ដាលអោយរងរបួសស្រាលផងដែរ។
ក្រោយមកអ្នកបើកបររថយន្តបង្កហេតុសមត្ថកិច្ចធ្វើការឃាត់ខ្លួនជាបណ្ដោះអាសន្ននៅប៉ុស្តិ៍រដ្ឋបាលព្រៃអង្គុញដើម្បីបំពេញសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់។
ចំណែកមធ្យោបាយធ្វើដំណើររថយន្ត និង ម៉ូតូទាំង០៣គ្រឿងត្រូវបានសមត្ថកិច្ចអូសយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីចាត់ការតាមច្បាប់ ។
រីឯសាកសពសមត្ថកិច្ចយកមកដំកល់ទុកនៅវត្តសាវណ្ណរាមដើម្បីស្វែងរកក្រុមគ្រួសារមកទទួលយកមកធ្វើបុណ្យតាមប្រពៃណី។
សមត្ថកិច្ចបានបញ្ជាក់ទៀតថាមូលហេតុដោយសារតែរថយន្តម៉ាកហាយឡេនឌ័រ បើកបរល្បឿនលឿនក្នុងស្ថានភាពស្រវឹងស្រាមានជាតិអាកុល០,៨១ក្រាមផងដែរ៕
ដោយ៖ យឹម សុថាន