ប្រធានាធិបតីរុស្ស៊ីលោកពូទីន បានបញ្ជាក់ថា បើទោះបីបានដកទាហានចេញពីប្រទេសស៊ីរី ប៉ុន្តែរុស្ស៊ីអាចវិលត្រឡប់ទៅវិញ គ្រប់ពេលវេលានៅពេលចាំបាច់ ។
សារព័ត៌មានរ៉យទ័របានដកស្រង់សម្តីមេដឹកនាំរុស្ស៊ីបានឲ្យដឹងថា ភាពជោគជ័យរបស់រុស្ស៊ីនៅក្នុងប្រទេសស៊ីរី បានអនុញ្ញាតឲ្យរុស្ស៊ីដកកម្លាំងទាហានចេញជាបណ្តោះអាសន្ន ។ ចំណែកទាហានរុស្ស៊ី ដែលនៅសល់តិចតួចក្នុងប្រទេសស៊ីរីគឺគ្រប់គ្រាន់សម្រាប់ជួយដល់រដ្ឋាភិបាលស៊ីរីបន្តយកឈ្នះទៅលើក្រុមភេរវកម្ម ។
លោកពូទីន មានប្រសាសន៍ទៅកាន់មន្ត្រីគ្រប់ជាន់ថ្នាក់នៅក្នុងវិមាន Kremlin កាលពីថ្ងៃទី១៧ ខែមីនាថា «ខ្ញុំប្រាកដថា នៅពេលអនាគតដ៏ខ្លី យើងនឹងបញ្ជាក់ពីជ័យជម្នះដ៏សំខាន់» ។
ប្រធានាធបិតីរុស្ស៊ីបានបញ្ជាក់ថា យុទ្ធនាការវាយប្រហារនៅក្នុងប្រទេសស៊ីរី បង្ហាញឲ្យឃើញថា កម្លាំងទហានរុស្ស៊ី មានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើសង្គ្រាមប្រឆាំងក្រុមភេរវកម្ម និងសត្រូវ ។ សកម្មភាពវាយប្រហារកន្លងមកនៅក្នុងប្រទេសស៊ីរី រុស្ស៊ីបានចំណាយប្រាក់ អស់៤៦៤លានដុល្លារអាមេរិក ។
លោកពូទីន បន្តទៀតថា ការដែលបើកការវាយប្រាហារទៅលើទីតាំងរបស់ក្រុមអិស្លាមបង្កើតរដ្ឋ នៅក្នុងប្រទេសស៊ីរីនោះ គឺជាការលំហាតសម ដ៏មានប្រសិទ្ធភាព ជាងការធ្វើសមយុទ្ធនានាទាំងអស់ ។ លោកពូទីន បន្តទៀតថា «គ្មានអ្នកណារកឃើញវិធីសាស្ត្រធ្វើសមយុទ្ធដែលមានប្រសិទ្ធភាពបែបនេះនោះឡើយ ដែលជាលំហាត់វាយប្រហារពិតៗទៅលើក្រុមភេរវកម្ម ។
រយៈពេលកន្លងមក រុស្ស៊ីបានបើកការវាយប្រហារ រហូតដល់ទៅ៩០០០លើក តាមដែនអាកាស នៅក្នុងប្រទេសស៊ីរី ។ នៅពេលនេះ បើទោះបីរុស្ស៊ីបានដកកម្លាំងទាហានចេញមួយចំនួនធំក្តី តែរុស្ស៊ីនៅតែបន្តដាក់ពង្រាយកាំជ្រួចមីស៊ីលការពារដែនអាកាសដដែល ។
សារព័ត៌មានរុស្ស៊ីនៅថ្ងៃទី១៧ ខែមីនា បានផ្សាយថា ចំនួនយន្តហោះចម្បាំង ៣៦គ្រឿង ដែលបានដាក់ពង្រាយនៅក្នុងប្រទេសស៊ីរីនោះបានចាកចេញពីប្រទេសស៊ីរីទៅដល់ទីតាំងដែនអាកាសរបស់រុស្ស៊ីវិញហើយ ។
ជាមួយនឹងការប្រកាសរបស់មេដឹកនាំរុស្ស៊ី គឺដូចទៅនឹងអ្វីដែលក្រុមអ្នកឯកទេសវិភាគធ្លាប់បានឡើក ឡើងថា ស៊ីរីគឺជាទីលានសម្រាប់ហ្វឹកហាត និងសាកល្បងសព្វាវុធរបស់ប្រទេសមហាអំណាចតែប៉ុណ្ណោះ ។ ក្រោយពេលដែលរុស្ស៊ីបានបង្ហាញពីសមត្ថភាពវាយប្រហារតាមដែនអាកាសនោះក្រុមហ៊ុនផលិតយន្តហោះចម្បាំងរបស់រុស្ស៊ី ទទួលបានការកក់ទិញជាច្រើន ៕ ម៉ែវ សាធី