ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ លោក វេង សុខុន បានបង្ហោះលើ facebook ផ្លូវការថាសេចក្តីប្រកាសពត៌មានកាលពីថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២១ រដ្ឋបាលព្រៃឈើរាជធានីភ្នំពេញ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញបានចុះរឹបអូសយកសត្វតោមួយក្បាលនៅផ្ទះលេខ២២ ផ្លូវ៣០៦ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ តាមបណ្តឹងរបស់អ្នកជិតខាងនិងអ្នកទេសចរណ៍បរទេស។
ដោយយល់ឃើញថាសត្វតោត្រូវបានម្ចាស់មានការថែរក្សាបានល្អ តាំងពីតូចមកម្លេះ និងដោយសារមានមហាជនជាច្រើនមានការអាណិតអាសូរដល់សត្វតោនិងម្ចាស់ដែលថែរក្សាដែរនោះ មុននេះបន្តិច សម្តេចតេជោនាយករដ្ឋមន្រ្តីបានសម្រេច ប្រគល់សត្វតោនោះជូនម្ចាស់វិញដើម្បីអនុញ្ញាតឲ្យម្ចាស់បន្តការចញ្ចឹមនិងថែរក្សា ដោយតម្រូវឲ្យម្ចាស់នោះមានកិច្ចសន្យាដែលមានបំពេញលក្ខខ័ណ្ឌគ្រប់គ្រាន់ទាក់ទងទៅនឹងបច្ចេកទេសនៃការចិញ្ចឹមដែលមានលក្ខណៈសមស្របតាមបទដ្ឋានបច្ចេកទេស បរិស្ថានរស់នៅនៃសត្វតោ និងប្រកបដោយសុវត្ថិភាពមិនឲ្យមានហានិភ័យដល់អ្នកថែរក្សានិងអ្នកជិតខាង។លោករដ្ឋមន្ត្រីបានបន្តថា សូមសាធាណៈជន មេត្តាជ្រាបជាពត៌មាន៕ ដោយ៖ សិលា