ខេត្តកណ្ដាល៖ ប្តីប្រពន្ធ២នាក់ខណៈកំពុងដេកនៅរោងចាំទា ត្រូវជនមិនស្គាល់មុខបាញ់ប្រហារចំនួន១០គ្រាប់ បណ្ដាលឲ្យស្ត្រីជាប្រពន្ធស្លាប់គួរឲ្យរន្ធត់ រីឯប្តីរងរបួសធ្ងន់។ ករណីឃាតកម្មនេះ បានកើតឡើងនៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២១វេលាម៉ោងប្រហែល១រំលងអធ្រាត្រ នៅចំណុចរោងចាំទា ស្ថិតនៅព្រែកដូនឯម ក្នុងភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្ដាលបានឱ្យដឹងថា ជនរងគ្រោះ២នាក់ ទី១.ឈ្មោះ សុន ស្រឿន ភេទស្រី អាយុ៤៩ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទាស្លាប់នៅនឹងកន្លែងកើតហេតុ (ធ្វើសំណាករកមេរោគកូវីដ-១៩ វិជ្ជមាន)និងទី២.ឈ្មោះ យឹម គឹមហុក ភេទប្រុស អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរចិញ្ចឹមទា (របួសធ្ងន់)។ ជនរងគ្រោះទាំង២នាក់ខាងលើត្រូវជាប្តីប្រពន្ធនឹងគ្នា មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។ ចំណែកជនសង្ស័យមិនស្គាល់អត្តសញ្ញាណ។ ដោយឡែកវត្ថុតាងដកហូតបានមាន សំបកគ្រាប់កាំភ្លើងខ្លីចំនួន១០គ្រាប់។
ប្រភពដដែលបន្តថា នៅថ្ងៃទី០៤ ខែកក្កដា ឆ្នាំ២០២១ វេលាម៉ោង២០និង៣០នាទី ជនរងគ្រោះទាំងពីរបានឲ្យកូនប្រុសឈ្មោះ ហុក ភូណាន់ អាយុ១៧ឆ្នាំ ជិះម៉ូតូឌុបមកដេកនៅរោងចាំទារាល់យប់ លុះមកដល់ម៉ោងប្រហែល១រំលងអធ្រាត្រ ស្រាប់តែមានជនមិនស្គាល់មុខប្រដាប់ដោយកាំភ្លើងខ្លីមិនស្គាល់ម៉ាក បានមកបាញ់ប្រហារទៅលើជនងរងគ្រោះទាំង២នាក់បណ្តាលឲ្យស្លាប់ប្រពន្ធ និងប្តីរបួស់ធ្ងន់។ លុះព្រឹកឡើងថ្ងៃទី០៥ខែឆ្នាំដដែល វេលាម៉ោង៥និង៣០នាទី ឈ្មោះ ហុក ភូណាន់ ជាកូនបានជិះម៉ូតូមកជួយរើសពងទានៅរោងស្រាប់តែឃើញម្ដាយដេកស្លាប់ ដោយមានឈាមពេញខ្លួន រីឯឪពុករងរបួសរបួសធ្ងន់ ភ្លាមនោះក៏រាយកាណ៍ប្រាប់សមត្ថកិច្ចប៉ុស្តិ៍តែម្ដង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងនគរបាលប៉ុស្តិ៍និងកម្លាំងជំនាញស្រុកបានចុះដល់កន្លែងកើតហេតុធ្វើការហ៊ុមព័ទ្ធ ហើយបានរកឃើញសំបកគ្រាប់កាំភ្លើងចំនួន១០គ្រាប់ និងមានស្នាមកាប់ជញ្ជាំងសង្ក័សីចំនួន២កន្លែងផងដែរ ។
ករណីខាងលើនេះ គឺជាអំពើឃាតកម្ម។ ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានកសាងសំណុំរឿងដើម្បីបើកការស្រាវជ្រាវចាត់ការតាមនីតិវិធីច្បាប់៕
ដោយ៖ ស្អាងជ័យ