ខេត្តកណ្តាល៖ នៅវេលាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលស្រុកល្វាឯមបានចុះទៅធ្វើការឆែកឆេរកុដិមួយកន្លែង ក្នុងវត្តឧតីសារគ ហៅវត្តទឹកឃ្លាំង ស្ថិតក្នុងភូមិ/ឃើទឹកឃ្លាំងស្រុកល្វាឯម បន្ទាប់ពីមានប្រជាពលរដ្ឋប្តឹងថាសង្ស័យទៅលើផ្ទះសង្ឃមួយអង្គលួចផឹកស្រានៅក្នុងកុដិ ។ នៅយប់នោះដែរសមត្ថកិច្ចបានធ្វើការឆែកឆេររកឃើញមាន សំបកកំប៉ុងស្រាបៀរBLACK PANTHER ជាច្រើនកំប៉ុង ,ស្លឹកបៀរជាច្រើនសន្លឹក ,បាយទើបដាំថ្មីៗចំនួន១ឆ្នាំង និងងាយចំនួន២គីឡូក្រាមផងដែរ ។
មន្ត្រីនគរបាលស្រុកល្វាឯមបានឲ្យដឹងថា ព្រះសង្ឃមួយអង្គដែលត្រូវបានសង្ស័យថាលួចផឹកស្រាបៀរនៅក្នុងកុដិនោះមានព្រះនាម សុផា ណាវុធ ហៅម៉ុង ព្រះជន្ម៣៤វស្សា ។ ព្រះសង្ឃមួយអង្គនេះកន្លងមកធ្លាប់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកល្វាឯមឃាត់ខ្លួនយក ទៅសាកសួរនៅអធិការដ្ឋាននគរបាលស្រុកម្តងរួចមកហើយ បន្ទាប់ពីសមត្ថកិច្ចប្រទះឃើញព្រះសង្ឃអង្គនេះធ្វើឲ្យថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួនមួយកញ្ចប់តូចជ្រុះចេញពីក្នុងថង់យាម ខណៈកំពុងនិមន្តនៅលើទូកដរអរិយក្សត្រ ។
ប្រភពដដែលបានបន្តថា បន្ទាប់ពីឃាត់ខ្លួនសាកសួរសមត្ថកិច្ចនគរបាលបានសម្រេចធ្វើការអប់រំណែនាំ មិនបានកសាងសំណុំរឿងចាត់ការតាមច្បាប់នោះទេ ។ លុះមកដល់ថ្មីៗនេះសមត្ថកិច្ចបានទទួលព័ត៌មានពីប្រជាពលរដ្ឋរស់នៅជិតវត្តថា ឧស្សាហ៏ឃើញព្រះសង្ឃអង្គនេះកាន់ស្បោងខ្មៅគួឲ្យសង្ស័យចូលទៅក្នុងកុដិ ។ នៅវេលាយប់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ ប្រជាពលរដ្ឋចំណុះជើងវត្តកាន់តែមានការសង្ស័យខ្លាំងឡើងៗ ក៏បានសម្រេចចិត្តប្តឹងសមត្ថកិច្ចនគរបាលស្រុកចុះទៅធ្វើការត្រួតពិនិត្យនៅក្នុងកុដិព្រះសង្ឃអង្គនេះ ។
ប្រភពដដែលបានបន្តទៀតថា ពេលឆែកឆេរ សមត្ថកិច្ចបានរកឃើញមាន៖ សំបកកំប៉ុងស្រាបៀរBLACK PANTHER ជាច្រើនកំប៉ុង ,ស្លឹកបៀរជាច្រើនសន្លឹក ,បាយទើបដាំថ្មីៗចំនួន១ឆ្នាំង និងងាយចំនួន២គីឡូក្រាមផងដែរ ។ ពាក់ព័ន្ធករណីនេះព្រះសង្ឃព្រះនាម សុផា ណាវុធ ហៅម៉ុង បានបដិសេធថា ព្រះសង្ឃមិនបានឆាន់ស្រាបៀរBLACK PANTHERនោះទេ ដោយឡែកបាយមួយឆ្នាំង និងងាយចំនួន២គីឡូក្រាមខាងលើនេះជារបស់កូនសិស្ស ។
អធិការនគរបាលស្រុកល្វាឯមលោក ជា ថុល បានបញ្ជាក់ថា ករណីខាងលើនេះសមត្ថកិច្ចបានប្រគល់ទៅឲ្យធម្មការ និងសាសនាស្រុកជាអ្នកចាត់ការ ហើយចំណាត់ការយ៉ាងណានោះលោកមិនទាន់បានដឹងនៅឡើយទេ ។ ពាក់ព័ន្ធករណីនេះអ្នកយកព័ត៌មានមិនអាចទំនាក់ទំនងទៅកាន់ធម្មការ និងសាសនាស្រុកល្វាឯមបានទេ ដោយសារមិនមានលេខទូរស័ព្ទ ៕
ដោយ៖ ស្អាងជ័យ