ភ្នំពេញ៖ រដូវកាលទីនៃការប្រកួតដណ្តើមពានរង្វាន់ស៊ីម៉ង់ត៍អូដ្ឋក្នុងប្រភេទទម្ងន់៦៧គីឡូក្រាមនឹងចាប់ផ្តើមប្រកួតនាល្ងាចថ្ងៃទី១៩ ខែមីនា តទៅហើយ ដោយតម្រូវឲ្យមានវត្តមានកីឡាករធី តុងហ៊ី មកពីក្លិបសាលវ័ន្តកីឡាប្រកួតជាមួយកីឡាករថៃឈ្មោះTahan EK ខណៈ ដែលកីឡាករលួន សុខខេងមកពីគជសាកីឡាប៉ះអ្នកប្រដាល់មកពីប្រទេសឆេកូស្លូវ៉ាគី ឈ្មោះ Kevin នៅលើសង្វៀនប្រដាល់ទូរទស្សន៍ប៉ុស្តិ៍លេខ៥អារីណា ។
កីឡាករ ធី តុងហ៊ី អាយុ ២៤ ឆ្នាំ កម្ពស់ ១,៧០ ម៉ែត្រ ធ្លាប់ប្រកួតបានចំនួន ១០៥ ដង ឈ្នះ ៧៨ ចាញ់ ២៥ ស្មើ ២ ដង ក្នុងនោះធ្លាប់វាយឲ្យគូប្រកួតចុះចាញ់ និងសន្លប់ ចំនួន៥២ដង ប្រកួតចុងក្រោយឈ្នះកីឡាករថៃ PhlayNoyដោយពិន្ទុ ។
ចំពោះប្រវត្តិប្រកួតរបស់កីឡាករ Tahan Ek វិញ ធ្លាប់ឡើងសង្វៀនបានចំនួន ៧៩ ដង ឈ្នះ ៦៣ ចាញ់ ១៣ ស្មើ ៣ ដង ធ្លាប់ផ្តួលដៃគូឲ្យសន្លប់ចំនួន១៧ ដង ។ ក្នុងនោះTahan Ek ធ្លាប់បានវាយឈ្នះ កីឡាករ មឿន សុខហ៊ុច របស់ក្លិប ពុទ្ធសេរីវង្សកីឡា វាយឈ្នះកីឡាករ ឃីម ឌីម៉ា ឈ្នះ កីឡាករ ផង់ សុភាព ឈ្នះ កីឡាករ ឈិន ក្វាន់ង៉ុយ ស្មើពិន្ទុជាមួយកីឡាករ សុខ សុវណ្ណ និងចាញ់កីឡាករ ផល សោភ័ណ្ឌ ដោយពិន្ទុ។
ដោយឡែកកីឡាករ លួន សុខខេងធ្លាប់ឡើងសង្វៀនបានចំនួន១១០ដង ឈ្នះ ៨០ដងចាញ់២០ដង ស្មើ១០ដង រីឯអ្នកប្រដាល់សញ្ជាតិឆេកូស្លូវ៉ាគីវិញឈ្មោះ Kevin ធ្លាប់ប្រកួត បានចំនួន ៤៥ ដង ឈ្នះ ៤០ដងចាញ់៥ដង ធ្លាប់វាយផ្តួលគូប្រកួតឲ្យសន្លប់ បានចំនួន២០ដង ៕
ដោយ៖ សារីម