ខេត្តព្រះសីហនុ៖ នៅវេលាម៉ោង ប្រមាណ១៥និង១០នាទី ថ្ងៃទី១៨ ខែមីនា មានការភ្ញាក់ផ្អើលម្តងទៀត បន្ទាប់ពីនៅក្នុងអាហារដ្ឋានចិនមួយកន្លែង មានករណីផ្ទុះធុងហ្គាស ក្នុងចង្ក្រានបាយ ប៉ុន្តែ ត្រូវ ប្រជាពលរដ្ឋជិតខាងជួយយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ទាន់ពេលវេលា ។
លោក ឧត្តម សេនីយ៍ ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថ ដែលបានចុះដល់កន្លែងកើតហេតុបានឲ្យដឹងថា នៅវេលាម៉ោងកើតហេតុខាងលើ បន្ទាប់ពីទទួលបានព័ត៌មានជុំវិញផ្ទុះធុងហ្គាសភ្លាម លោក បានដឹកនាំកំលាំង មកដល់កន្លែងកើតហេតុ ក្នុងគោលបំណងជួយសង្គ្រោះអោយទាន់ពេលវេលា ប៉ុន្តែ មានការសហការ ល្អរវាងអ្នកជិតខាង អគ្គិភ័យពុំអាចកើតមានឡើងធំដុំនោះទេ ក្រុមប្រជាពលរដ្ឋបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកជួយបាញ់ពន្លត់ ទាន់ពេលវេលា មុនរថយន្តអគ្គីភ័យមកដល់ ។
លោកបន្តថា ការភ្ញាក់ផ្អើលនេះ ដោយសារ នៅក្នុងអាហារដ្ឋានជនជាតិចិនមួយកន្លែង បានលិចធ្លាយទុយយូ ហើយបានឆាបឆេះបន្តិចបន្តួច ពន្លត់ទាន់ពេលវេលា កុំអីពិតជាមានការរងគ្រោះដូចហេតុការណ៍អគ្គិភ័យកាលពីថ្ងៃទី១៧ ខែមីនា ជាក់ជាពុំខាន ។
ក្នុងឱកាសនោះដែរ ក្នុងនាមលោក ជាមេបញ្ជាការកងរាជអាវុធហត្ថ សូមស្នើយ៉ាងទទួចដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មេត្តា បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះរដូវនេះ ជារដូវក្តៅ អាចបង្កហានិភ័យគ្រប់ពេលវេលា ។
សូមបញ្ជាក់ផងដែរថា កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០១៦ នៅក្នុងក្រុងព្រះសីហនុ មានហេតុការណ៍អគ្គិភ័យចំនួន៣ទីតាំងផ្សេងគ្នា បង្កអោយផ្ទះប្រជាពលរដ្ឋចំនួន០៥ខ្នងរងការខូចខាត រួមជាមួយឃ្លាំងស្តុកកាវរបស់រោងចក្រ តុងតា WEGC រងការខូចខាតទាំងស្រុក និង បន្ទប់ស្នាក់នៅរបស់បុគ្គលិកនៃវិទ្យុឆ្នេរសមុទ្រ រងរការឆេះផ្នែកតំបូល ៕
ដោយ៖ ឆ្លាម សមុទ្រ