ភ្នំពេញ៖ បេីយោងតាមរយៈហ្វេសប៊ុកផ្លូវការរបស់លោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា បានបញ្ជាក់ថា នៅថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២១នេះ ជាថ្ងៃខួបលើកទី១៣ នៃការចុះបញ្ជីប្រាសាទព្រះវិហារ ជាសម្បត្តិបេតិកភណ្ឌពិភពលោក ( ៧ កក្កដា ២០០៨ – ៧ កក្កដា ២០២១ ) ។
ព្រឹត្តិការណ៍ដែលបានកើតឡើងកាលពីថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០០៨ ពោលគឺ ១៣ឆ្នាំមុន ត្រូវបានចាត់ទុកថាជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រថ្មីមួយ របស់កម្ពុជា បើគិតចាប់តាំងពីប្រទេសកម្ពុជា ទទួលបានប្រាសាទព្រះវិហារ បន្ទាប់ពីឈ្នះក្តីលើប្រទេសថៃ នៅតុលាការអន្តរជាតិក្រុងឡាអេ នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ១៩៦២ ។
នៅក្នុងសំណេរហ្វេសប៊ុករបស់លោក ស សុខា បានបញ្ជាក់បន្ថែមទៀតថា ក្នុងនាមកូនខ្មែរមួយរូប ខ្ញុំពិតជាមានមោទកភាពណាស់ ដែលប្រទេសកម្ពុជាយើង ជាបន្តបន្ទាប់ ត្រូវបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោក មានប្រាសាទបុរាណ របាំ ល្ខោន ឧបករណ៍បុរាណ ..។ល។ និង។ល។ ទាំងនេះជាការលើកមុខមាត់ និងធ្វើឲ្យប្រទេសកម្ពុជាកាន់តែល្បីល្បាញថែមទៀតលើឆាកអន្តរជាតិ ។
សូមខ្មែររួមគ្នាថែរក្សា ការពារប្រាសាទបុរាណទាំងអស់ របស់យើង ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍តរៀងទៅ ដើម្បីបន្សល់ទុកឲ្យកូនខ្មែរជំនាន់ក្រោយ បានឃើញ បានស្គាល់ពីស្នាដៃដ៏ពិសិដ្ឋរបស់បុព្វបុរសខ្មែរយើងជំនាន់មុន៕ដោយ៖សហការី
រូបភាព៖ប្រភពពីហ្វេសប៊ុកលោក ស សុខា