ករណីផ្ទុះឆេះរោងចក្រគីមី នៅខេត្តសាមុតប្រាកាន​ ប្រទេសថៃ​ បានធ្វេីឱ្យមនុស្ស៨០,០០០នាក់ រងការប៉ះពាល់

ចែករំលែក៖

អន្តរជាតិ​៖ បើយោងតាមទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post នៅថ្ងៃពុធ ទី០៧ ខែកក្កដា ឆ្នាំ២០២១នេះ​ បានចុះផ្សាយថា​៖​ ករណី​អគ្គិភ័យ​ផ្ទុះឆេះរោងចក្រគីមីឈ្មោះ មីង ឌីហ៍ (Ming Dih Chemical) ដែលស្ថិតនៅស្រុក បាង ភ្លី (Bang Phli) នៃខេត្តសាមុត ប្រាកាន (Samut Prakan) ក្បែរ​ទីក្រុង​បាងកក​ កាលពីវេលាម៉ោងប្រមាណជា ២​ និង៥០នាទីទាបភ្លឺថ្ងៃចន្ទទី០៥​ ខែកក្កដា​ថ្មី​ៗនេះ​ បានធ្វេីឱ្យមនុស្សយ៉ាងហោចណាស់​ ៨០,០០០នាក់​ បានរងផលប៉ះពាល់។

ទីភ្នាក់ងារសារព័ត៌មានថៃ Bangkok Post បាននិយាយបន្ថែមថា​ បន្ទាប់​ពីមានហេតុការណ៍នេះ​ ក្រុមអ្នកពន្លត់អគ្គីភ័យ បានទទួលជោគជ័យក្នុងការគ្រប់គ្រងសារធាតុគីមី និងពន្លត់អគ្គិភ័យដ៏ធំសម្បើមនេះ ក្រោយចំណាយពេលអស់ ២៦ម៉ោង ហើយមកទល់នឹងបច្ចុប្បន្ន ពួកគេនៅតែបន្តបាញ់ទឹក នៅតាមទីតាំងមួយចំនួន ដើម្បីបញ្ចុះកម្ដៅ និងបង្ការកុំឱ្យមានការផ្ទុះសាជាថ្មី។

ប៉ុន្ដែ​ទោះបែបនេះក្ដី ប្រជាជនដែលរស់នៅក្បែរ ឬចម្ងាយ ៥គីឡូម៉ែត្រពីទីកន្លែងផ្ទុះ មិនទាន់ត្រូវបានអនុញ្ញាតឱ្យត្រឡប់មកផ្ទះវិញនោះទេ រហូតទាល់តែអាជ្ញាធរអាចធានាសុវត្ថិភាពទាំងស្រុងជាមុនសិន។

ដោយឡែក​ជុំវិញករណីនេះដែរ​ លោក Wanchai Kongkasem អភិបាលខេត្ត Samut Prakan បានគូសបញ្ជាក់ថា៖​ មនុស្សប្រមាណ ៨០,៩១៦នាក់ នៅទូទាំងតំបន់ចំនួន០៤ នៅក្នុងស្រុក Bang Phli ត្រូវបានរងផលប៉ះពាល់យ៉ាងខ្លាំង ដោយសារអគ្គិភ័យដ៏ធំសម្បើម ដែលបង្កឡើងដោយការផ្ទុះរោងចក្រគីមីខាងលើនេះ។

លោកអភិបាលខេត្ត Samut Prakan បានគូសបញ្ជាក់បន្ថែមទៀតថា៖ ក្នុងចំណោមមនុស្សដែលត្រូវបានរងផលប៉ះពាល់ខាងលើ មានមនុស្សចំនួន ៣៤,៧៣៦នាក់ មកពីគ្រួសារចំនួន ២២,៥៦៣ស្ថិតនៅក្នុងតំបន់ Racha Thewa, មនុស្សចំនួន ១៨,៤៩០នាក់មកពីគ្រួសារចំនួន ១២,៣៦៣ ស្ថិតនៅក្នុងតំបន់ Bang Phli, មនុស្សចំនួន ២៣,២៧៧នាក់ មកពីគ្រួសារចំនួន ១៧,១៨៨ស្ថិតនៅក្នុងតំបន់ Bang Kaew និងមនុស្សចំនួន ៤,៤១៣នាក់ទៀត មកពីគ្រួសារចំនួន ៤,១៧៧ ស្ថិតក្នុងតំបន់ Bang Chalong។

គួរបញ្ជាក់ដែរថា រោងចក្រគីមី Ming Dih Chemical បានបើកដំណើរការអស់រយៈពេល ០៣ទសវត្សមកហើយ ប៉ុន្តែមិនមានការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) នៅទីកន្លែងនោះឡើយ៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print