ការកាប់​រាន​ព្រៃ​ទន្ទ្រាន​យក​ដី​ក្នុង​តំបន់​អភិរក្ស​កើតមាន​រាល់ថ្ងៃ អាជ្ញាធរ​បាន​ត្រឹម​ឆ្លើយ​ដាក់គ្នា​

ចែករំលែក៖

​ខេត្ត​ប៉ៃលិន​៖ ​ប្រជាពលរដ្ឋ ដែលរស់នៅក្នុង​ក្រុងប៉ៃលិន​បាន​សម្តែង​នូវ​ការសោកស្តាយ​យ៉ាងខ្លាំង​ចំពោះ​ ព្រៃឈើ​ជា​ធនធានធម្មជាតិ​ដ៏​សំខាន់បំផុត​សម្រាប់​ទាក់ទាញ​ទឹកភ្លៀង និង​ផ្តល់​លំនឹង​អាកាសធាតុ​ជួយ​បម្រើ​ផលប្រយោជន៍ដល់​ជីវិត​មនុស្ស សត្វ​គ្រប់​ប្រភេទ ត្រូវបាន​អ្នកភូមិ និង​មន្ត្រី​កិច្ចសន្យា ខិលខូច​មួយចំនួន​បាននាំគ្នា​កាប់បំផ្លាញ​ដើម្បី​រាន​យក​ដី​ដាំពោត និង​ដំឡូង​មី​យ៉ាង​អនាធិបតេយ្យ ដោយ​មិន​គិត​ខ្វល់ខ្វាយ​អំពី​ផលប៉ះពាល់ ចំពោះ​បញ្ហា​គ្រោះរាំងស្ងួត​ហួតហែង​នោះឡើយ។

តំបន់ខាងលើនេះ នៅត្រង់ចំណុច​ភូមិ​អូរ​ប្រើស ភូមិអូរ​ខ្ទីង ភូមិ​ក្រចាប់ និង​ចំណុច​អូរ​ធ្លាក់ស ក្នុងភូមិ​ភ្នំ​ដំបង សង្កាត់​អូរ​តា​វ៉ៅ ក្រុងប៉ៃលិន ។

ប្រភពពីប្រជាបលរដ្ឋបានឱ្យដឹងថា រាល់ថ្ងៃពួកគាត់តែងឃើញមានសកម្មភាពកាប់បំផ្លាញព្រៃឈើ ពីសំណាក់​ជនខិលខូច ដែលគិតតែពីប្រយោជន៍ផ្ទាល់ខ្លួន។ ដីខាងលើ គឺជាដីរបស់រដ្ឋសោះ តែពេលនេះត្រូវជនទាំងនោះ កាប់​រំលោភយកធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ហើយដាំដុះធ្វើមិនដឹង ហាក់ដូចជា មិនខ្លាចញញើតនឹងច្បាប់ឡើយ។

​បើតាម​ប្រភពព័ត៌មាន​ពី​មន្ត្រី​បរិស្ថាន​ខេត្ត បាន​បង្ហើប​ឱ្យដឹង​ថា នៅ​រដូវប្រាំង​ឆ្នាំ​២០១៦​នេះ ព្រៃឈើ​នៅ​តំបន់​អភិរក្ស​ជាច្រើន​កន្លែង ក្នុង​ខេត្ត​ប៉ៃ​លិន ត្រូវបាន​ប្រជាពលរដ្ឋ​រស់នៅក្នុង​ភូមិ​ខាងលើ និង​មន្ត្រី​បុ​គ្គលិក​បណ្តែត​មួយចំនួន​នាំគ្នា​លួច​កាប់​ដុត​ស្ទើរ​រាល់ថ្ងៃ ហើយ​មន្ត្រី​ការពារ​ព្រៃឈើ និង​សត្វព្រៃ​ទៅដល់ ពួកគេ​នាំគ្នា​រត់​គេ​ខ្លួន​អស់រលីង ដោយ​ជួនកាលរត់ចោល​ម៉ាស៊ីន​កាត់ឈើ​ថែមទៀត​ផង។

ប្រភព​បន្តទៀតថា ពេលខ្លះ​ចាប់បាន​អ្នក​ដែល​កាប់​នោះ​ហើយ គ្រាន់តែ​ធ្វើ​កិ​ច្ចសន្យា​រាងចាល​រួច​ដោះលែង​ទៅផ្ទះ​វិញ។ លុះ​ថ្ងៃ​ក្រោយមក​កាប់​វិញ​ដដែល ហើយ​ពេលខ្លះ​ទៀត បន្ទាប់ពី​ចាប់បាន​ត្រូវគេ​អន្តរ​គម​ន៍​ដោះលែង​ភ្លាមៗ​តែម្តង ។ សូម្បីតែ​នៅក្បែរ​ស្នាក់ការ​អូរ​ធ្លាក់ស ដែល​ធ្វើ​ទុកឱ្យ​មន្ត្រី​បរិស្ថាន​ចាំ​យាម​ការពារ​ក៏​កាប់​ដុត​វាល​ស្រឡះ​ល្វឹងល្វើយ​ដាច់​កន្ទុយភ្នែក​ដែរ។​

ពាក់ព័ន្ធ​ទៅនឹង​បញ្ហា​នេះ លោក ថន គឹមហុង នាយក​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​សំឡូត​ប៉ៃលិន បានឱ្យដឹង​តាម​ ​ថា ព្រៃឈើ​ត្រង់ចំណុចខាងលើ ដែល​ប្រជាពលរដ្ឋ​នាំគ្នា​កាប់​ទន្ទ្រានយក​ដី​ដាំ​ដំណាំ ដោយសារតែ​អាជ្ញាធរខេត្ត​បាត់ដំបង និង​ខេត្ត​ប៉ៃលិន ឯកភាពគ្នា​ខ្វៀ​ល​ជូន​ពួកគាត់​កាន់កាប់​ប្រើប្រាស់​តាំងពី​យូរ​ឆ្នាំ​មកហើយ។ លោក​បាន​បន្តទៀតថា ខាង​លោក​ក៏បាន​ដាក់​កម្លាំង​នៅ​ទីនោះ​ជាច្រើន​នាក់​ដែរ ដើម្បី​ចាប់​ពួក​អ្នក​ដែល​លួច​កាប់បំផ្លាញ​ព្រៃឈើ។ លុះ​ក្រោយមក​គេ​យក​លិខិត​ដែល​អភិបាល​ខេត្ត អនុញ្ញាតិ​បង្ហាញជូន​ព្រះរាជអាជ្ញា ក៏ត្រូវ​បាន​ដោះលែង​វិញ។​

បើតាម លោក គឹម សុខា ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បានឱ្យដឹង​ដែរ​ថា ព្រៃ​តំបន់​អភិរក្ស​ខាងលើ មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ណា​ម្នាក់​ចូលទៅ​កាប់​ទន្ទ្រាន​យក​ធ្វើ​កម្មសិទ្ធិ​បានទេ ហើយ​ចំពោះ​ការ​ដែលថា​ អភិបាលខេត្ត​ឯកភាព​ឱ្យ​កាប់​ទន្ទ្រាន​យក​ដី​នោះ​ បង្កបង្កើនផល មិនទាន់មាន​សេចក្តីសម្រេច​ណា​មួយ​នោះទេ គ្រាន់តែ​បែងចែក​តំបន់​ព្រំប្រទល់​រវាង​ខេត្ត​ទាំងពីរ​ឱ្យដឹង​ច្បាស់លាស់​ ប៉ុណ្ណោះ​។ លោក​បន្តទៀតថា ខាង​លោក​មានឈ្មោះ​អ្នក​លួច​កាប់​ព្រៃឈើ​ទាំងនោះ​អស់ហើយ ដោយ​កំពុង​រៀបចំ​សំណុំរឿង​។

​ចំណែក លោក កើត សុធា អភិបាលខេត្ត​ប៉ៃលិន មិនអាច​សុំ​ការបំភ្លឺ​បានឡើយ​ពាក់ព័ន្ធ​នឹង​ការកាប់បំផ្លាញ​ព្រៃ​តំបន់​ អភិរក្ស​ខាងលើ ខណៈ​ភ្នាក់ងារ​សារព័ត៌មាន​ទាក់ទង​សួរនាំ​ខាង​លោក​បាន​ប្រាប់ថា កំពុង​ជាប់រវល់​ប្រជុំ​៕

4e7f4948-1d79-4747-95b8-14e2ca36bdf0

9b2fffad-0763-4f02-b948-dbff9e3ae7b4

298ce82b-2ded-4f36-82e4-a24e7504700e

e05cc7c9-0bdf-4aca-bdeb-17bc1848a8fb

...

ដោយ៖ សហ​ការី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print