ភ្នំពេញ ៖ មូតូ២គ្រឿងបានបុកគ្នាពេញទហឹង បណ្ដាលឲ្យបុរសម្នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ហើយស្របពេលនោះក៏មានរថយន្តឃ្លុបមួយគ្រឿង
បេីកគេចពីម៉ូតូដែលកំពុងជួបគ្រោះថ្នាក់ចរាចរណ៍ក៏រេចង្កូតធ្លាក់ចូលប្រឡាយបង្កការភ្ញាក់ផ្អេីលដល់អ្នកដំណេីរកាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២១ នៅតាមបណ្តោយផ្លូវក្រវាត់ក្រុង (ផ្លូវ៥០ម៉ែត្រ) ក្នុងភូមិពាម សង្កាត់ព្រៃស ខណ្ឌដង្កោ ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកេីតហេតុគេឃើញបុរសម្នាក់ជិះម៉ូតូមួយគ្រឿងម៉ាកMSX ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1FS-4657 ធ្វើដំណើរតាមបណ្តោយផ្លូវ៥០ម៉ែត្រក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុក៏មានបុរសម្នាក់ទៀតជិះម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BO -0487 ជិះបញ្ច្រាសទិសឆ្លងផ្លូវ ធ្វើឲ្យបុរសដែលជាជិះម៉ូតូម៉ាកMSXចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុកពេញទំហឹងបណ្ដាលឲ្យបុរសភាគីខាងម៉ូតូហុងដាឌ្រីរងរបួសធ្ងន់ រីឯភាគីខាងម៉ូតូMSX រងរបួសស្រាល ។
ស្របពេលនោះដែរក៏មានបុរសម្នាក់បើករថយន្តឃ្លុបដឹកទឹកសុទ្ធធ្វើដំណើរតាមផ្លូវ៥០ម៉ែត្រ ក្នុងទិសដៅពីត្បូងទៅជើង ពេលមកដល់ចំណុចកើតហេតុក៏បានទាញចង្កូតគេចពីម៉ូតូដែលបុកគ្នានោះធ្វេីឲ្យជ្រុលទៅធ្លាក់ក្នុងប្រឡាយរងការខូចខាតផងដែរ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស បានចុះទៅដល់កន្លែងកើតហេតុនិងធ្វើការសម្របសម្រួលឱ្យភាគីទាំងពីរនិយាយចរចាគ្នា ពេលនោះបុរសដែលជាម្ចាស់ម៉ូតូម៉ាកMSX បានចេញថ្លៃព្យាបាលទៅឲ្យបុរសដែលជិះម៉ូតូបញ្ច្រាសទិសចំនួន250ដុល្លារដើម្បីបញ្ចប់រឿង ។ ចំណែករថយន្តឃ្លុបដឹកទឹកសុទ្ធដែលធ្លាក់ឡាយត្រូវបានសមត្ថកិច្ចត្រួតពិនិត្យមិនឃើញមានប៉ះពាល់ដល់សម្បត្តិរដ្ឋនិងមិនមានអ្នករងរបួស ទេីបសមត្ថកិច្ចអនុញ្ញាតឲ្យតំណាងក្រុមហ៊ុនហៅរថយន្តស្ទូចមកស្ទួចយករថយន្តទៅជួសជុលដោយខ្លួនឯង ៕
ដោយ ៖ ភារ៉ា ដង្កោ