ភ្នំពេញ៖ បើតាមការបញ្ជាក់របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយបញ្ចប់កិច្ចប្រជុំក្រុមប្រឹក្សាកីឡាអាស៊ីអាគ្នេយ៍នៅរសៀលថ្ងៃទី០៨ ខែកក្កដានេះ បានឲ្យដឹងថាម្ចាស់ផ្ទះវៀតណាមរួមជាមួយបណ្ដាប្រទេសសមាជិកអាស៊ាន បានសម្រេចគ្នាជាឯកច្ឆន្ទមិនរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣១ ក្នុងឆ្នាំ២០២១ នេះឡើយ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ។
ក្រោយប្រជុំតាមអនឡាញ (Zoom) របស់គណៈអចិន្ដ្រៃយ៍ស៊ីហ្គេមនៅរសៀលថ្ងៃនេះ លោក វ៉ាត់ ចំរើន បានឲ្យដឹងថា កិច្ចប្រជុំរួមបានឯកភាពគ្នាជាឯកច្ឆន្ទ មិនរៀបចំស៊ីហ្គេម នៅឆ្នាំ២០២១ នោះទេ ដោយប្រទេសទាំង១០ រួមទាំងម្ចាស់ផ្ទះវៀតណាមសម្រេចលើកទៅរៀបចំនាចុងខែមេសា និងដើមខែឧសភា ឆ្នាំ២០២២ វិញ។ ប៉ុន្ដែគណៈកម្មាធិការជាតិអូឡាំពិកវៀតណាម ត្រូវស្នើសុំអនុម័ត និងកំណត់ថ្ងៃច្បាស់លាស់ពីរដ្ឋាភិបាលរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខ។
លោក វ៉ាត់ ចំរើន មានប្រសាសន៍ថា ដំបូងឡើយវៀតណាម បានកំណត់រៀបចំស៊ីហ្គេម ឆ្នាំ២០២១ ចាប់ពីថ្ងៃទី២១ ខែវិច្ឆិកា ដល់ថ្ងៃទី០២ ខែធ្នូចុងឆ្នាំនេះ។ ប៉ុន្ដែដោយសារការរីករាលដាលខ្លាំងនៃជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិអូឡាំពិកវៀតណាម និងរដ្ឋាភិបាលវៀតណាម បានស្នើបណ្ដាប្រទេសសមាជិកអាស៊ាន ដើម្បីពន្យារពេលវិញ។ ជម្រើសចុងក្រោយរបស់រដ្ឋាភិបាលវៀតណាមគឺ បានសម្រេចជ្រើសយកសេណារីយ៉ូទី២ ដោយលើកទៅរៀបចំនាចុងខែមេសា-ដើមខែឧសភា ឆ្នាំ២០២២ វិញ៕