ភ្នំពេញ, បើយោងតាមប្រភពពី នាយកដ្ឋានព័ត៌មានវិទ្យា នៃក្រសួងមហាផ្ទៃបានបញ្ជាក់អោយដឹងថា, នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២១ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងារទទួលបន្ទុកឧក្រិដ្ឋកម្មឆ្លងដែនក្នុងក្របខណ្ឌអាស៊ាន (SOMTC) បានអញ្ជើញចូលរួមក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីការបញ្ជ្រាបយេនឌ័រ លើការគ្រប់គ្រងអាវុធធុនតូច តាមរយៈប្រព័ន្ធវីដេអូសន្និសីទ។
នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ បានថ្លែងសុន្ទរកថាបើកវគ្គបណ្ដុះបណ្ដាល ដោយបានលើកឡើងអំពីសារៈសំខាន់នៃការចូលរួមចំណែករបស់ស្រ្តីនៅក្នុងការងារនេះ និងបានជម្រាបជូនអំពីការងារមួយចំនួនដែលក្រសួងមហាផ្ទៃ និង SOMTC-កម្ពុជា សម្រេចបាន និងកំពុងខិតខំអនុវត្តពាក់ព័ន្ធនឹងការងារគ្រប់គ្រងអាវុធជាតិផ្ទុះនេះ។
គួរបញ្ជាក់ថា វគ្គបណ្ដុះបណ្ដាលនេះ មានរយៈពេល ៤ថ្ងៃ គឺថ្ងៃទី ៨, ៩, ១៩ និង២០ ខែកក្កដា ឆ្នាំ២០២១ ហើយត្រូវបានរៀបចំឡើងក្រោមការសម្របសម្រួលពីអង្គការ United Nations Regional Centre for Peace and Disarmament in Asia and the Pacific (UNRCPD) និងស្ថិតក្រោមការគាំទ្រហិរញ្ញវត្ថុពីសហភាពអឺរ៉ុប EU៕
ដោយ, សិលា