ខេត្តតាកែវ៖ យោងតាមប្រភពពី៖ រដ្ឋបាលខេត្តតាកែវ បានបញ្ជាក់អោយដឹងថា, នៅព្រឹកថ្ងៃសុក្រ ទី០៩ ខែកក្ដដា ឆ្នាំ២០២១នេះ លោក អ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ រួមជាមួយ លោក វេជ្ជបណ្ឌិត នុត ស៊ីណាត ប្រធានមន្ទីរ សុខាភិបាលខេត្ត លោក កង អាណាន់ អភិបាលក្រុងដូនកែវ និងមន្រ្តីពាក់ព័ន្ធ បានអញ្ជើញ ប្រកាសបើកយុទ្ធនាការចាក់វ៉ាកសាំងបង្ការជំងឺកូវីដ-១៩ ជូនដល់ពលរដ្ឋ ព្រះសង្ឃ និង កម្មករ កម្មការនី ទូទាំងក្រុងដូនកែវ។
លោក អ៊ូច ភា អភិបាលខេត្ត បានប្រសាន៍ថា ដើម្បីរួមគ្នាទប់ស្កាត់ការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ប្រមុខរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំដោយ សម្ដេចអគ្គ មហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់នូវវ៉ាក់ សាំងចាក់ជូនដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋទូទាំងប្រទេស។
លោកអភិបាលខេត្ត ក៏បានបញ្ជាក់ផងដែរថា អ្នកដែលបានចាក់វ៉ាក់សាំងលើកទី១ រួចហើយ ត្រូវតែអនុវត្តតាមវិធាន សុខាភិបាល ឲ្យបានត្រឹមត្រូវ ទាំងមុនពេលចាក់ និង ក្រោយពេលចាក់ដូសទី១ រហូតដល់ថ្ងៃចាក់ដូសទី២ ត្រូវអនុវត្តតាមការណែនាំរបស់គ្រូពេទ្យ រហូតដល់ថ្ងៃកំណត់ ដែលគ្រូពេទ្យបានណែនាំនោះ ទើបវ៉ាក់សាំងមានប្រសិទ្ធភាពខ្ពស់។ លោកអភិបាលខេត្ត បានបន្តថា បើទោះបីជាបងប្អូនបានធ្វើការចាក់វ៉ាក់សាំង បង្ការជំងឺកូវីដ១៩ហើយក្ដី ក៏បងប្អូនត្រូវតែបន្តអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាល និងអនុវត្តវិធាន ៣ការពារ និង៣កុំ ឱ្យបានខ្ជាប់ខ្ជួន។
ឆ្លៀតក្នុងឱកាសនោះដែរ លោក អ៊ូច ភា អភិបាលខេត្ត ក៏បានអំពាវនាវដល់មន្ត្រីរាជការ និងបងប្អូនទាំងអស់ សូមចូលរួមចាក់វ៉ាក់ សាំងនេះឲ្យបានគ្រប់គ្នាៗ ក្រោមគោលការណ៍ ស្ម័គ្រចិត្ត ដែលអាជ្ញាធរក្រុងដូនកែវ បានរៀបចំ ៥ទីតាំង ហើយការចាក់វ៉ាក់សាំងនេះ នឹងធ្វើការចាក់ជាបន្តបន្ទាប់ទៀត មិនមែនចាក់តែមួយថ្ងៃនេះទេ គឺចាក់ជូនពលរដ្ឋ ឱ្យបានគ្រប់ៗគ្នាតែម្ដង៕