ភ្នំពេញ៖លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នង ធ្វើអំពីថ្មខាងក្រោមឈើខាងងលើ ត្រូវបានអណ្តាតភ្លើងឆាបឆេះគ្មានសល់ ដោយសមត្ថកិច្ចដាក់ការសន្និដ្ឋានថា បណ្តាលមកពីទុស្សេចរន្តអគ្គិសនី ។
ហេតុការណ៍កើតឡើងកាលពីវេលាម៉ោង ១៣និង៣០នាទី រសៀលថ្ងៃទី១ ខែកក្កដា ឆ្នាំ ២០១៥ នៅចំណុចផ្ទះលេខ៦៧ ក្រុមទី២ ផ្លូវលំ ភូមិជ្រៃកោង សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។
ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ខៀវ ស៊ីណាត ភេទស្រី អាយុ៤៣ឆ្នាំមុខរបររែកនំបញ្ចុកដើរលក់ ប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ កាលព្រឹក ក្រុមគ្រួសាររបស់គាត់ទាំងអស់គ្នា បានរៀបចំពិធីបុណ្យ៧ថ្ងៃ ជូនសាច់ញ្ញាតិរបស់គាត់ លុះដល់វេលាម៉ោងប្រមាណជាង១២ ពិធីបុណ្យ៧ថ្ងៃនេះត្រូវបានបញ្ចប់ ហើយពួកគាត់បាននាំគ្នាមកអង្គុយជជែកគ្នាលេងនៅផ្ទះប្រជាពលរដ្ឋក្បែរនោះ មួយសន្ទុះក្រោយមកស្រាប់តែអណ្តាតភ្លើងឆាបឆេះចេញពីក្នុងផ្ទះរបស់គាត់ ធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក្នុងភូមិ នាំគ្នាជះទឹក តទុយោ ជួយបាញ់ពន្លត់ ប៉ុន្តែ មិនអាចគ្រប់គ្រងបានឡើយ អណ្តាតភ្លើងចេះតែឆេះធំឡើងៗ បណ្តាលឲ្យផ្ទះរបស់គាត់ខូចខាតគ្មានសល់ ។
ស្រ្តីរងគ្រោះប្រាប់បន្តថា របស់របរក្នុងផ្ទះទាំងប៉ុន្មាន ត្រូវអណ្តាតភ្លើងឆាបឆេះគ្មានសល់ រួមទាំងលុយដុល្លារបស់គាត់ប្រមាណ៥០០០ដុល្លា ដែលគាត់ខំប្រឹងរកស៊ីរាប់សិបឆ្នាំសន្សំទំរាំបានប៉ុណ្ណឹង ក៏ត្រូវភ្លើឆេះអស់ទៀត ផ្ទះរបស់គាត់មានទំហំប្រវែង ៦ម៉ែត្រ គុណ នឹង៧ម៉ែត្រ ។
សមត្ថកិច្ចប្រាប់ឲ្យដឹងថា នៅក្នុងហេតុការណ៍គ្រោះអគ្គិភ័យឆាបឆេះលំនៅដ្ឋានប្រជា ពលរដ្ឋនេះ ត្រូវបានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ៥គ្រឿង ក្នុងនោះរថយន្តពន្លត់អគ្គិភ័យរបស់ អង្គភាព (ង៧០) ចំនួន ៣គ្រឿង និងរថយន្តពន្លត់អគ្គិភ័យរបស់សាលាខណ្ឌពោធិសែនជ័យ ចំនួន ២គ្រឿង បាញ់ទឹកអស់ទាំង៥គ្រឿង អណ្តាតភ្លើងរលត់ទៅវិញទាំងស្រុង ដោយឡែកទ្រព្យសម្បត្តិក្នុងផ្ទះត្រូវភ្លើងឆេះគ្មានសល់ ចំណែកមនុស្សគ្មានអ្នករបួសនោះទេ៕
លំនៅដ្ឋានប្រជាពលរដ្ឋមួយខ្នងនៅខណ្ឌពោធិសែនជ័យត្រូវអណ្តាតភ្លើងឆាបឆេះគ្មានសល់
...