ខេត្តព្រៃវែង ៖ ស្រ្តីជនជាតិខ្មែរអ៊ិស្លាមម្នាក់ត្រូវប្តីច្របាច់.ក និងខ្ទប់មាត់ បណ្ដាលឲ្យដាច់ខ្យល់ស្លាប់ នៅក្នុងបន្ទប់ជួល កើតឡើងដោយភ្លើងប្រចណ្ឌ។
ហេតុការណ៍នេះបានបង្កការភ្ញាក់ផ្អើឡើងកាលពី យប់ថ្ងៃទី៨ ខែ កក្កដា ឆ្នាំ២០២១ នៅចំណុចផ្ទះជួលមួយកន្លែង ស្ថិតនៅភូមិ៤ សង្កាត់កំពង់លាវ ក្រុងព្រៃវែង ។
មន្រ្តីនគរបាលព្រហ្មទ័ណ្ឌក្រុងព្រៃវែង បានឲ្យដឹងថា ជនរងគ្រោះឈ្មោះ អី សះ ភេទស្រី អាយុ ៣៩ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាម មុខរបរដើរលក់អីវ៉ាន់ពីរនាក់ប្ដី ប្រពន្ធ តាមរថយន្តម៉ាកតូយ៉ូតា Camry មានទីលំនៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ។ ជនរងគ្រោះត្រូវបានប្ដីចុង ច្របាច់កនិងខ្ទប់មាត់ បណ្ដាលឱ្យស្លាប់នៅនឹងកន្លែងកើតហេតុ ត្រង់បន្ទប់ផ្ទះជួលនៅចំណុចខាងលើតែម្ដង ។ ចំណែកជនសង្ស័យឈ្មោះ យ៉ា ហ្វា ភេទប្រុស អាយុ ៤១ ឆ្នាំ ជនជាតិខ្មែរអ៊ិស្លាមដូចគ្នា មានទីលំនៅភូមិជយោ ឃុំជយោ ស្រុកចម្ការលើ ខេត្តកំពង់ចាម ។ជននេះអះអាងថា ខ្លួនប្រចណ្ឌប្រពន្ធដែលឆាតតាមទូរស័ព្ទទៅកាន់ប្រុសម្នាក់ ទើបខ្លួនដាច់ចិត្តធ្វើបែបនេះ។
តាមការបំភ្លឺពីម្ចាស់ផ្ទះ និងកូនបង្កើតរបស់ជនរងគ្រោះ ដែលដេកបន្ទប់ជាប់គ្នា បានឲ្យដឹងថា នៅយប់ថ្ងៃកើតហេតុដោយឮសំឡេងគួរឲ្យសង្ស័យនៅក្នុងបន្ទប់ឪពុកម្តាយជួលស្នាក់នៅ គាត់ជាកូនហៅម្ចាស់ផ្ទះឲ្យជួយមើល ហើយបានគាស់ កញ្ចក់បង្អួច ស្រាប់តែឃើញឪពុកកំពុងច្របាច់កនិងខ្ទប់មាត់ម្តាយហើយក៏បាននាំគ្នាគាស់ទ្វារបន្ទប់ដើម្បីជួយ។ តែពេលចូលទៅដល់ឃើញម្តាយបានបាត់បង់ជីវិតទៅហើយ ទើបរាយការណ៍មកសមត្ថកិចឲ្យជួយអន្តរាគមន៍ ។
ប្រភពដដែលបានឲ្យដឹងទៀតថាជនសង្ស័យត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលក្រុងព្រៃវែង ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ។ ដោយផ្អែកទៅលើការពិនិត្យវិភាគ និងកោសល្យវិច័យ ទៅលើសាកសព ជនរងគ្រោះឃើញថាពិតជាស្លាប់ដោយការ ច្របាច់កនឹងខ្ទប់មាត់ប្រាកដមែន រួចក៏បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រៃវែងចាត់ការតាមច្បាប់ ៕