សារព័ត៌មាន football insider បានផ្សាយថា ក្លិបបិសាចក្រហម Man United ស្ថិតក្នុងជំហរដើម្បីចុះហត្ថលេខាលើខ្សែប្រយុទ្ធក្រុម Tottenhamកីឡាករ Harry Kane បន្ទាប់ពីការវិវត្ត និងមានទម្រង់លេងល្អនៅក្នុងព្រឹត្តិការណ៍យូរ៉ូ ។
ក្លិបយក្សនៃក្របខ័ណ្ឌ Premier League កំពុងតែជំរុញយ៉ាងខ្លាំងសម្រាប់ Kane ហើយមានឆន្ទៈចំណាយប្រាក់ច្រើនដើម្បីទទួលបានគាត់។ ប្រភពពីMan United បានឲ្យដឹងថា ពួកគេត្រូវបានផ្តល់ការលើកទឹកចិត្តដោយក្រុម Spurs ក្នុងអំឡុងពេលពិភាក្សាថ្មីៗនេះថា កិច្ចព្រមព្រៀងដ៏គួរឱ្យចាប់អារម្មណ៍មួយសម្រាប់ Kane ឥឡូវនេះអាចធ្វើទៅបាន។
ក្លិបមានមូលដ្ឋាននៅទីក្រុងឡុងបានស្នើសុំប្រាក់១០០លានផោនបូកនឹងកីឡាករ២រូបទៀតក្នុងការផ្លាស់ប្តូរនេះ។
ជំហរជាសាធារណៈរបស់ Tottenham គឺថា តារាឆ្នើមរបស់ពួកគេមិនមែនសម្រាប់លក់ទេ ខណៈដែលពួកគេបានប្រាប់គេថា វានឹងចំណាយជាទឹកប្រាក់ចំនួន១៥០លានផោនដើម្បី បង្ខំឲ្យ មានកិច្ចព្រមព្រៀងមួយ។
ឥឡូវនេះមានការផ្លាស់ប្តូរជំហររបស់ប្រធានក្លិបដែលបានផ្តល់ក្តីសង្ឃឹមដល់ក្រុម Man United ថា ពួកគេអាចយកឈ្នះគូប្រជែងធំៗគឺក្លិប Man City និង Chelsea ។ ម្ចាស់ជើងឯក២០ដង Man United បានចុះហត្ថលេខារួចហើយគឺ Jadon Sancho ពី Borussia Dortmund នៅរដូវក្តៅនេះក្នុងកិច្ចព្រមព្រៀងតម្លៃ៧០លានផោន។
គ្រូបង្វឹកក្លិបបិសាចក្រហមលោក Ole-Gunnar Solskjaer ជឿជាក់ថាការបន្ថែមខ្សែប្រយុទ្ធដែលមានស្រាប់ដូចជា Antony Martial, Marcus Rashford និង Marcus Greenwood មានប្រសិទ្ធភាពជាងមុនក្នុងការប្រជែងនៅរដូវកាលក្រោយ ៕
ដោយ៖ ភារៈ(រូបថត៖ football insider )