រដ្ឋមន្ត្រីក្រសួងសុខាភិបាលឥណ្ឌា លោក Harsh Vardhan បានដាក់លិខិតសុំលាលែងចេញពីតំណែង ក្រោយរងការរិះគន់យ៉ាងខ្លាំងពីវិធានការទប់ស្កាត់កូវីដ-១៩ ។សកម្មភាពខាងលើកើតឡើងក្នុងពេលរដ្ឋាភិបាលឥណ្ឌាធ្វើការកែទម្រង់ជាទ្រង់ទ្រាយធំ ។
សារព័ត៌មាន BBC នៅថ្ងៃទី ៩ខែកក្កដា បានផ្សាយថា រដ្ឋមន្ត្រីក្រសួងសុខាភិបាល Harsh Vardhan គឺជារដ្ឋមន្ត្រីមួយរូបក្នុងចំណោម១២ រូប ដែលត្រូវលាលែងចេញពីតំណែងនៅក្នុងការកែទម្រង់លើកនេះ។
ក្រៅពីលោក Harsh Vardhan នៅមានរដ្ឋមន្ត្រីក្រសួងបច្ចេកវិទ្យាព័ត៌មាន Ravi Shankar Prasad រដ្ឋមន្ត្រីក្រសួងបរិស្ថាន Prakash Javadekar រដ្ឋមន្ត្រីក្រសួងអបរំ Ramesh Pokhriyal Nishank ក៏បានដាក់លិខិតលាលែងចេញពីតំណែងផងដែរ។
នៅពេលនេះនាយករដ្ឋមន្ត្រី Narendra Modi បានណែនាំបុគ្គល៣៦រូបចូលក្នុងគណៈកម្មការរដ្ឋមន្ត្រីថ្មី ធ្វើឲ្យចំនួនរដ្ឋមន្ត្រីនិងរដ្ឋលេខាធិការក្នុងប្រទេសនេះកើនឡើងពី ៥៥នាក់ ដល់៧៧នាក់ ។ នេះជាការកែទម្រង់ទ្រង់ទ្រាយធំបំផុត មិនធ្លាប់មានចាប់តាំងពីឆ្នាំ ២០១៤មក ៕ដោយ៖ធីរីណា
រដ្ឋមន្ត្រីសុខាភិបាលលោក Harsh Vardhan បានលាឈប់ពីតំណែងនៅថ្ងៃទី ៧/៧ ។ រូបថតៈPTI។