​ក្នុង​រដូវ​កាល​​ឆ្នាំ​២០២០-២០២១នេះ! សំបុក​សត្វ​ចង្កៀលខ្យង​ពង​កូន​​ញាស់មាន​ប្រមាណ​ ៨៥​ភាគរយ​

ចែករំលែក៖

ភ្នំពេញ៖ សត្វ​ចង្កៀល​ខ្យង​ ក្នុង​រដូវ​កាល​ពង​កូន​ឆ្នាំ ២០២០-២០២១ បាន​មករក​ចំណី​ក្នុង​តំបន់ការពារទេសភាព​បឹង​ព្រែក​ល្ពៅ​រហូតដល់​រាប់ពាន់​ក្បាល និង​មាន​សំបុក​ពង​កូន​យ៉ាងតិច​ចំនួន​២.១៨៦ នៅលើ​ដើម​រាំង​ចំនួន​២៧០​ដើម​។​ នេះបេី​តាមការអះអាងពីអង្គការ​កម្មវិធី​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា។

មិនតែប៉ុណ្ណោះ​ អង្គការ​មួយ​នេះ​ បាន​បន្ថែម​ថា ការធ្វើ​សំបុក​នេះ ជា​កំណត់ត្រា​ថ្មី​ដែល​ពុំ​ធ្លាប់មាន​ក្នុង​រយៈពេល​ប្រមាណ​ជាង​១៥​ឆ្នាំ​ចុង​ក្រោយនេះ​។

​សូមជម្រាបថា​ ក្រោម​ជំនួយ​ពី​អង្គការ និង​ដោយ​ការយកចិត្ត​ទុក្ខ​ដាក់​ថែរក្សា​ការពារ ពីមន្ត្រី​ឧ​ទ្យា​នុ​រក្ស​ប្រចាំការ ក្រុមការងារ​ទីវាល សម្បុក​ចង្កៀលខ្យង​បាន​ញាស់​ជោគជ័យ​ជា​បន្តបន្ទាប់ ដែល​សម្បុក​ចុងក្រោយ​គឺ​ញាស់​ក្នុង​ខែមេសា​ឆ្នាំ​២០២១នេះ​។

​អង្គការ​កម្មវិធី​សត្វ​ស្លាប​អន្តរជាតិ​ប្រចាំ​កម្ពុជា បានបន្ថែមទៀតថា​ ក្នុងចំនោម​សម្បុក​ពង​កូន​ទាំងអស់ មាន​ប្រមាណ ២.១៨៦) មានការ​ញាស់​ជោគជ័យ​ប្រមាណ ៨៥% និង ១៥%​ទៀត រង​ការខូចខាត តាមរយៈ​ទឹកជំនន់​លិច​សម្បុក​ដែល​លើ​ដើមឈើ​ទាបៗ ខ្យល់​កន្ត្រាក់​ធ្លាក់​ខូច និង មាន​ជនខិលខូច លួច​ប្រមូល​ពង​សត្វ​។ ចំណែក​សម្បុក​ដែល​ញាស់​ជោគជ័យ​ជា​មធ្យម​បានកូន​ចង្កៀលខ្យង​ប្រហែល ៥.៥៨០​ក្បាល ទទួលរង​ការខូចខាត​អស់​កូន​ប្រហែល ១០% (​ស្លាប់​ដោយសារ​ជម្ងឺ​និង​កត្តា​ផ្សេងៗ​)​។ ចំណែក​ប្រមាណ ៤០% បង្ខំចិត្ត​ហើរ​ចាក​ចេញពី​សម្បុក​និង​ទ្រនុំ ដោយ​កត្តា​រាំងស្ងួត ខ្វះ​ប្រភពទឹក និង​ចំណី​។

​គួរបញ្ជាក់ថា​ បច្ចុប្បន្ន មានកូន​ចង្កៀលខ្យង​ប្រមាណ ៥០% (​ជា​មធ្យម ប្រហែល​២៧៩០ ក្បាល​) នៅ​បន្ត​ស្នាក់​នៅលើ​សម្បុក និង​ទ្រនុំ ដែល​ខ្លះ​ទើបតែ​ញាស់​ហើយ មិនទាន់​អាច​ហើរ​បាន​ឆ្ងាយ​ពី​មេបា​។ ជាក់ស្តែងយើង​បា​នស​ង្កើ​ត​ឃើញ​​ថា មេបា​ចាស់ៗ​បាន ប្រមូល​កំណាត់ឈើ​តូចៗ បន្ថែម ដើម្បី​ជួសជុល​សម្បុក និង ធ្វើ​សម្បុក​ថ្មី​លើ​មែកឈើ​ដែល​ខ្ពស់ៗ​ជាង​មុន​។

ដោយឡែក​ជុំវិញបញ្ហានេះដែរ​ ក្រុមការងា​រទីវាល​ ក៏​បាន​សនិដ្ឋានដែរថា៖​ សកម្មភាព​នេះ​ជា​សញ្ញា​ល្អ ដែល​បញ្ជាក់ថា​ចង្កៀលខ្យង​នឹងមិន​បម្លាស់​ទី​ចេញ​អស់ពី​ទីតាំង​ពង​កូន​ឡើយ ហើយ​រដូវ​កាល​ពង​កូន​ឆ្នាំ​២០២១-២០២២ អាច​នឹងមាន​សម្បុក​កើនឡើង​បន្ថែមទៀត​៕​ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print