អន្តរជាតិ៖ អាជ្ញាធរសុខាភិបាលថៃ ប្រកាសបន្តរកឃើញអ្នកវិជ្ជមានកូវីដ-១៩ថ្មីចំនួន ៩.៥៣៩នាក់ ខណៈអ្នកជំងឺស្លាប់ចំនួន ៨៦នាក់ នៅថ្ងៃអាទិត្យទី១១ ខែកក្កដា ឆ្នាំ២០២១នេះ។
សូមជម្រាបថា ក្នុងចំណោមអ្នកឆ្លងថ្មី ចំនួន៩.៤៣៦នាក់នេះ រួមមាន៖ រកឃើញអ្នកទោសនៅក្នុងពន្ធនាគារចំនួន ១០៣នាក់ផងដែរ។
បច្ចុប្បន្នចំនួននេះធ្វើឱ្យប្រទេសថៃ មានអ្នកកើតកូវីដ-១៩នេះ សរុបចំនួន ៣៣៦.៣៧១នាក់ និងអ្នកស្លាប់ចំនួន២.៧១១នាក់ ចាប់តាំងពីដើមឆ្នាំមុនមក។
ដោយឡែកជុំវិញបញ្ហានេះដែរ ប៉ុស្តិ៍ត្រួតពិនិត្យពិនិត្យប្រមាណ១៤៥កន្លែង ដែល៨៨នៅក្នុងរដ្ឋធានីបាងកក ត្រូវបានបង្កើតឡើងដើម្បីគ្រប់គ្រងចលនាមនុស្សនៅពេលមេបញ្ជាការជាន់ខ្ពស់ថៃបានចេញការព្រមានថានឹងចាត់វិធានការផ្លូវច្បាប់ប្រឆាំងនរណាដែលរំលោភវិធានការប្រឆាំងកូវីដ-១៩។
ជាក់ស្ដែងចំពោះចំណាត់ការនេះដែរ ត្រូវបានធ្វើឡើងក្រោយការចេញវិធានការបន្តបន្ទាប់កាលពីថ្ងៃសៅរ៍ដើម្បីទប់ស្កាត់ការផ្ទុះជំងឺកូវីដ១៩ដែលបានចម្លងមនុស្ស៩.៣២៦នាក់បន្ថែម និងសម្លាប់មនុស្ស៩១នាក់ កាលពីថ្ងៃ១០ ខែកក្កដាម្សិលមិញនេះ។ ហេីយវិធានការនេះ រួមមាន៖ បំរាមគោចរចាប់ពីម៉ោង៩យប់ ដល់៤ភ្លឺ។
ជាមួយគ្នានេះ អគ្កមេបញ្ជាការកងកម្លាំងភូមិន្ទថៃ ឧត្តមេសនីយ៍ ចាលឺមផូល ស្រ៊ីសាវ៉ាត បានបញ្ជាឱ្យដាក់កុងត្រូល៨៨កន្លែង នៅក្នុងទីក្រុងបាងកក ដើម្បីសម្រួលដល់ការអនុវត្តការបិទខ្ទប់មួយផ្នែកនៅពេលកុងត្រូល២២កន្លែងទៀតដាក់នៅបណ្តាខេត្តជុំវិញ ព្រមទាំង៣៥កន្លែងនៅខេត្តភាគខាងត្បូងចំនួន៤។ អគ្កមេបញ្ជាការកងកម្លាំងភូមិន្ទថៃរូបនេះ ក៏បានណែនាំឱ្យអាជ្ញាធរអនុវត្តវិធានការបិទខ្ទប់នេះឱ្យមានហ្មត់ចត់បំផុត។
ទន្ទឹមនឹងនោះ អ្នកនាំពាក្យកងទ័ពថៃ ក៏បានលើកឡើងថា៖ នរណាដែលបំពានការរឹតបន្តឹងនេះនឹងប្រឈមបណ្តឹង ដោយផ្អែកលើក្រិតគ្រាអាសន្ន និងច្បាប់ស្តីពីជំងឺឆ្លង។ បន្ថែមពីនេះ អ្នកនាំពាក្យយោធារូបនេះ បានគូសបញ្ជាក់ថា កងកម្លាំងសន្តិសុខនៅតាមកុងត្រូលរួមមាន៖ ទាហាន, ប៉ូលីស និងមន្ត្រីរដ្ឋបាលមូលដ្ឋាន។ ពួកគេត្រូវបានដាក់ពង្រាយតាំងពីព្រឹកថ្ងៃសៅរ៍មកម្ល៉េះនៅតាមតំបន់ខ្មៅ។
គួរជម្រាបថា បំរាមគោចរចាប់ពីម៉ោង៩យប់ដល់៤ភ្លឺ នឹងត្រូវអនុវត្កត២សប្តាហ៍ចាប់ពីថ្ងៃចន្ទទី១២ ខែកក្កដា ស្អែកនេះ នៅក្រុងបាងកក និងខេត្តចំនួន៩ដែលត្រូវចាត់ទុកជាតំបន់ខ្មៅ។
ដោយឡែកសម្រាប់ការធ្វើដំណើរសមហេតុផលជំងឺ ក្នុងម៉ោងបំរាមគោចរត្រូវបានអនុញ្ញាត រួមទាំងសកម្មភាពសំខាន់ចាំបាច់ដទៃទៀត មានដូចជា៖ ដឹកជញ្ជូនទំនិញ ស្បៀង ការផ្គត់ផ្គង់ថ្នាំពេទ្យ កសិផល ប្រេងឥន្ធនៈ លិខិតនិងទំនិញប្រៃសណីយ៍៕ដោយ៖ស តារា
រូបភាព៖Reuters និងAP