អាជ្ញាធរ​ថៃ៖​ ប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ថ្មី​ ជិត​ ៩ពាន់នាក់ និងអ្នកជំងឺស្លាប់ចំនួ​ន ៨០នាក់បន្ថែមទៀត​

ចែករំលែក៖

អន្តរជាតិ​៖ បើតាមសារព័ត៌មានថៃ Bangkok Post​ បានដកស្រង់ចេញផ្សាយពី​មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 របស់ប្រទេសថៃ CCSA នៅព្រឹកថ្ងៃចន្ទ ទី១២ ខែកក្កដា ឆ្នាំ២០២១នេះថា៖​ អាជ្ញាធរសុខាភិបាល បន្តរកឃើញករណីឆ្លងជំងឺ COVID-19 ថ្មីៗចំនួន ៨,៦៥៦ករណីបន្ថែម,​ ជាមួយគ្នានេះ​ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះដែរ​ ក៏មានអ្នកជំងឺកូវីដចំនួន​ ៨០នាក់បន្ថែមទៀត​ បានស្លាប់​។

មជ្ឈមណ្ឌលគ្រប់គ្រងជំងឺ COVID-19 បានគូសបញ្ជាក់ថា៖ ក្នុងចំណោមករណីឆ្លងថ្មីៗខាងលើនេះមាន ៨,៥៨៣ករណីត្រូវបានរកឃើញនៅលើប្រជាជនថៃទូទៅ ខណៈ ១០៨ករណីទៀត ត្រូវបានរកឃើញនៅលើអ្នកទោសតាមពន្ធនាគារ។ ក្រៅពីការរកឃើញករណីឆ្លងថ្មីៗ ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ ក៏មានអ្នកជាសះស្បើយចំនួន ៣,៦៨៧នាក់ទៀតទើបតែត្រូវបានអនុញ្ញាត ឱ្យចាកចេញពីមន្ទីរពេទ្យ។

បច្ចុប្បន្ន​ប្រទេសថៃ រហូតមកទល់ពេលនេះ​ បានកត់ត្រានូវករណីឆ្លងសរុបនៅទូទាំងប្រទេស ៣៤៥,០២៧ករណី ក្នុងនោះមានអ្នកស្លាប់ ២,៧៩១នាក់ និងអ្នកជាសះស្បើយ ២៥១,៦៥៨នាក់។

គួរបញ្ជាក់ថា​ ទីក្រុងបាងកក​ ព្រមទាំងខេត្តនៅក្បែរខាងចំនួន ០៥ រួមទាំងខេត្តនៅតំបន់ភាគខាងត្បូងចំនួន ០៤ទៀត ចាប់ពីថ្ងៃចន្ទទី១២​ ខែកក្កដា​នេះតទៅ គឺត្រូវស្ថិតក្រោមវិធានការបិទខ្ទប់ (lockdown) ប្រឆាំងនឹងជំងឺ COVID-19៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print