ខេត្តស្ទឹងត្រែង៖ រថយន្តអនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្ម និងភូមិបាល ស្រុកសៀមប៉ាង មួយគ្រឿង ត្រូវបានជនមិនស្គាល់មុខ លួចដុត បណ្ដាលឱ្យឆេះយ៉ាងសន្ធោសន្ធៅកាលពីរំលង អធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដា ឆ្នាំ ២០២១ នៅផ្នែកខាងកាប៊ីនមុខ ខាងចង្កូត។
សូមបញ្ជាក់ថា, សមត្ថកិច្ច បានប្រាប់ឲ្យដឹងថាៈ រថយន្តដែលរង នូវការឆាបឆេះនោះ ម៉ាកតូយ៉ូតា តាកូម៉ា ពាក់ផ្លាកលេខ ស្ទឹងត្រែង 2B45 45 ដែលជារបស់ឈ្មោះ ឈា ប៊ុនឡា ភេទប្រុស អាយុ ៣២ ឆ្នាំ មុខរបរជា អនុប្រធានការិយាល័យរៀបចំដែនដី នគរូបនីយកម្មភូមិបាល ស្រុកសៀមប៉ាង។
តាមការបញ្ជាក់របស់ជនរងគ្រោះ ប្រាប់សមត្ថកិច្ចថា កាលពីវេលាម៉ោងប្រមាណ ១ និង ៤០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកក្កដានោះ មានសំឡេងស្នូរផ្ទុះ ដូចផ្ទុះកំប៉ុង ហើយគាត់ក៏ភ្ញាក់ ចេញមកមើល ក៏ឃើញភ្លើងឆេះរថយន្ត ផ្ទៃខាងក្នុង យ៉ាងសន្ធោសន្ធៅ ហើយក៏នាំគ្នា បាញ់ទឹកពន្លត់ រហូតរលត់អស់។ ចំពោះករណីនេះ មិនបានរាយការណ៍ ដល់សមត្ថកិច្ចភ្លាមៗឡើយ។
លុះដល់ពេលព្រឹក ថ្ងៃទី១២ ខែកក្កដា សមត្ថកិច្ច បានទទួលព័ត៌មាននេះ កម្លាំងជំនាញ ក៏បានចុះពិនិត្យ នៅផ្ទះជនរងគ្រោះ និងតាមការសន្និដ្ឋានរបស់ជំនាញ គឺមានជន សង្ស័យ មិនស្គាល់អត្តសញ្ញាណ លួចដុត។ ករណីនេះ កម្លាំងជំនាញ និងប៉ុស្តិ៍ កំពុងបើកការស៊ើបអង្កេត ស្រាវជ្រាវ រកជនបង្កមកផ្ដន្ទាទោស តាមច្បាប់។
សូមបញ្ជាក់ថា ពេលសមត្ថកិច្ច ចុះទៅពិនិត្យសាកសួរ បំភ្លឺពីម្ចាស់ផ្ទះ ឃើញដប ទឹកសុទ្ធចំណុះ ១,៥ លីត្រ ដែលមានសល់ប្រេងសាំងខ្លះ។
សមត្ថកិច្ចសន្និដ្ឋានថា នេះគឺជាភស្តុតាង ដែលជនមិនស្គាល់មុខ បង្កលួចដុតរថយន្តននោះ។
អំពើនៃបទល្មើសនេះ ទោះបីជាសមត្ថកិច្ចមិនទាន់បានធ្វើការសន្និដ្ឋានបានអំពីអត្តសញ្ញាណនៃជនសង្ស័យ ប្រព្រឹត្តក្នុងរឿងគំនុំ ឬជាដៃគូរកស៊ី ឬបញ្ហារាំងស្ទះឯកសារណាមួយយ៉ាងណាក៏ដោយ ប៉ុន្តែអំពើនេះជាបទល្មើសជាក់ស្តែង មន្ត្រីនគរបាលយុត្តិធម៌ត្រូវបើកស៊ើបអង្កេតដើម្បីស្វែងរកជនបង្កហេតុ យកមកធ្វើការផ្តន្ទាទោស ហើយក៏អាចដឹងថាបទល្មើសនេះកើតឡើងដោយសារមូលហេតុអ្វីពិតប្រាកដ៕
ដោយ, សិលា