អាមេរិកដកទាហានចេញពីអាហ្វហ្គានីស្ថានដោយបន្សល់នៅភាពបែកបាក់ ប្រទេសជាតិខ្ទេចខ្ទី អសន្តិសុខ ការគំរាមកំហែងដោយភេរវកម្ម វិបត្តិសេដ្ឋកិច្ច និងបទល្មើសជាច្រើននៅក្នុងប្រទេសនេះ។ អាមេរិកដកទាហានចេញដោយមិនបានបំពេញគោលដៅសន្តិភាពនៅក្នុងប្រទេសនេះឡើយ។
លោក Sergei Zheleznyak សមាជិកគណៈកម្មការកិច្ចការបរទេសរបស់សភារុស្ស៊ីបាននិយាយទៅកាន់សារព័ត៌មាន RIA Novosti ថា « ក្នុងរយៈពេល ២០ឆ្នាំនៃសង្គ្រាមនៅប្រទេសអាហ្វហ្គានីស្ថាន អាមេរិកមិនបានសម្រេចគោលដៅសន្តិភាពនៅទីនោះឡើយ ។ ការគំរាមកំហែងវាយប្រហារដោយភេរវកម្មនៅតែបន្តកើនឡើង វិស័យសេដ្ឋកិច្ចរងការបំផ្លាញ សង្គមបែកបាក់ ពលរដ្ឋមិនមានសាមគ្គីភាព ការជួញដូរគ្រឿងញៀនកើនឡើង ទាំងនោះជាលទ្ធផលនៃសង្គ្រាមដើម្បីសន្តិភាព ប្រឆាំងភេរវកម្មរបស់អាមេរិក ក្នុងទឹកដីអាហ្វហ្គានីស្ថាន។
មន្ត្រីរុស្ស៊ី បានបញ្ជាក់ទៀតថា តាមពិតអាមេរិកមានគោលដៅផ្សេងក្នុងការធ្វើសង្គ្រាមនៅក្នុងទឹកដីអាហ្វហ្គានីស្ថាន គឺធ្វើឲ្យតំបន់ទាំងមូលធ្លាក់ក្នុងស្ថានភាពអសន្តិសុខ។ អ្វីគ្រប់យ៉ាងបានបង្ហាញយ៉ាងច្បាស់ក្រោយអាមេរិកប្រកាសដកទាហានចេញពីប្រទេសអាហ្វហ្គានីស្ថាន សន្តិភាពគឺមិនមែនជាគោលដៅដែលអាមេរិកចង់បាននៅអាហ្វហ្គានីស្ថាននោះឡើយ។
លោក Zheleznyak បញ្ជាក់ទៀតថា ទីក្រុងវ៉ាស៊ីនតោនបានធ្វើឲ្យពលរដ្ឋអាហ្វហ្គានីស្ថានកាន់តែស្អប់ខ្ពើម ដោយសារតែបានបន្សល់ទុកនូវបញ្ហាជាច្រើនមិនទាន់ដោះស្រាយ ក្នុងនោះមានការជួញដូរគ្រឿងញៀន ការកើនឡើងនៃការវាយប្រហារភេរវកម្ម។
បច្ចុប្បន្នក្រុមតាលីបង់បានដណ្តើមគ្រប់គ្រងតំបន់ជាច្រើនក្នុងប្រទេសអាហ្វហ្គានីស្ថាន ។ ក្រុមតាលីបង់ ទទួលបានអាវុធទំនើបៗជាច្រើន មានទាំងរថយន្ត រថពាសដែកដែលអាមេរិកបោះបង់ចោល។ ក្រុមភេរវកម្មបានកើនឡើងនៅក្នុងតំបន់មជ្ឈិមបូព៌ា ក្នុងនោះមានប្រទេស អុីរ៉ាក់ ស៊ីរី និងប្រទេសជាច្រើនទៀតនៅតំបន់អាស៊ីភាគកណ្តាល។
ដូច្នេះហើយអ្វីដែលត្រូវធ្វើនៅពេលនេះរបស់រុស្ស៊ី គឺធ្វើឲ្យតំបន់ព្រំដែនមានសន្តិសុខ ស្ថិរភាព សុវត្ថិភាព រហូតដល់ក្នុងប្រទេសអាហ្វហ្គានីស្ថាន គឺជាគោលដៅរបស់រុស្ស៊ី និងបណ្តាប្រទេសក្នុងតំបន់។
កាលពីថ្ងៃទី ៩ខែកក្កដា ក្រុមតាលីបង់បានវាយប្រហារដណ្តើមគ្រប់គ្រងខេត្ត Kandahar ដែលជាតំបន់សេដ្ឋកិច្ចធំបំផុតនៅតំបន់ភាគខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន ។ កន្លងមក ក្រុមតាលីបង់ ក៏បានដណ្តើមគ្រប់គ្រង ទីតាំងនៅតំបន់ព្រំដែនជាប់ប្រទេស តាជីគីស្ថាន អុីរ៉ង់ និងTurkmenistan ។ ជាមួយគ្នានោះក្រុមតាលីបង់ក៏បានស្នើដល់ប្រទេសចិន ចូលរួមកសាងប្រទេសអាហ្វហ្គានីស្ថាន ដោយបានសន្យាថា នឹងធានាដល់សន្តិសុខ សុវត្ថិភាពរបស់កម្មករចិន។ ចំណែករដ្ឋាភិបាលអាហ្វហ្គានីស្ថានវិញ ក៏បានអំពាវនាវដល់ចិន រុស្ស៊ី និងឥណ្ឌា ចូលរួមកសាងប្រទេសនេះឡើងវិញ ក៏ដូចជាទប់ស្កាត់ក្រុមភេរវកម្ម ក្រោយអាមេរិកដកទាហានចេញ៕ ដោយ៖ធីរីណា